សហស្ថាបនិករបស់ Microsoft យល់ថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កើតជំនួយការនិម្មិត និងអាចផ្លាស់ប្ដូរទម្លាប់របស់អ្នកប្រើប្រាស់ឧបករណ៍រុករក ដូចជា Google Search ជាដើម។
«ជំហានថ្មីបន្ទាប់នឹងជាជំនួយការ AI។ បច្ចេកវិទ្យានេះអាចផ្លាស់ប្ដូរទាំងស្រុងនូវឥរិយាបថរបស់អ្នកប្រើប្រាស់។ ពួកគេអាចនឹងលែងត្រូវការដល់បណ្ដាទំព័រស្វែងរក មានដូចជា Google Search ឬចូលទៅមើលហាងទំនិញអនឡាញដូចជា Amazon» មហាសេដ្ឋីអាម៉េរិក លោក Bill Gates ថ្លែងដូច្នេះ នៅក្នុងព្រឹត្តិការណ៍ស្ដីពី AI កាលពីថ្ងៃទី 22 ឧសភា។
យោងតាមលោក Gates ជំនួយការ AI អាចយល់ពីតម្រូវការ និងទម្លាប់របស់អ្នកប្រើប្រាស់ ជួយធ្វើការឱ្យពួកគេនៅក្នុង «ការចូលប្រើអ៊ីនធើណិត និងអានអ្វីៗដែលកន្លងមកធ្លាប់ត្រូវការពេលច្រើន»។ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនថ្មីៗ មានឱកាសស្មើគ្នាក្នុងការអភិវឌ្ឍប្រភេទ AI អនាគតនេះ។
លោក Gates អះអាងថា នឹងត្រូវការពេលវេលាបន្ថែមដើម្បីអាចនាំយកជំនួយការ AI មកប្រើប្រាស់ទូលំទូលាយ ខណៈដែលបណ្ដាក្រុមហ៊ុនបន្តបំពាក់ Generative AI មានដូចជា ChatGPT ជាដើម ទៅក្នុងផលិតផលរបស់ខ្លួន។ នេះបើតាមសារព័ត៌មាន CNBC។
ទោះជាយ៉ាងនេះក៏ដោយ នៅក្នុងព្រឹត្តិការណ៍ Google I/O 2023 កាលពីថ្ងៃទី 10 ឧសភា Google ក៏បានធ្វើបទបង្ហាញអំពីរបៀបដែល Google Search នឹងផ្លាស់ប្ដូរនៅពេលបំពាក់ «កំពូលបញ្ញាសិប្បនិម្មិត»។ ដោយមានមុខងារ Converse ជំនួសឱ្យការបង្ហាញលទ្ធផលជាតំណភ្ជាប់ (link) ជាច្រើនដូច Google Search បច្ចុប្បន្ន chatbot រុករកបែបថ្មីរបស់ Google នឹងប្រមូលផ្ដុំព័ត៌មាន ឧទាហរណ៍ដូចជា ការវាយតម្លៃចំពោះរថយន្តថ្មី គម្រោងដំណើរកម្សាន្ត ការថែទាំសត្វចិញ្ចឹមជាដើម តាមរយៈកម្មវិធីជជែកគ្នាជាមួយ AI៕