(សហរដ្ឋអាម៉េរិក) – SpaceX កំពុងពិសោធបច្ចេកវិទ្យាដែលជួយពង្រឹងផ្ទៃខាងក្រោមនៃប្រព័ន្ធទម្រដើម្បីអាចទ្រាំទ្រកម្លាំងដ៏ខ្លាំងរបស់ម៉ាស៊ីនរុញច្រានរ៉ុក្កែត Starship នៅពេលបាញ់បង្ហោះម្ដងៗ។
ប្រព័ន្ធទម្រនៅមូលដ្ឋាន Starbase របស់ SpaceX ក្នុងតំបន់ Texas ខាងត្បូង បានរងការខូចខាតធ្ងន់ធ្ងរក្នុងការបាញ់បង្ហោះសាកល្បងដំបូងរបស់យាន Starship ដែលជារ៉ុក្កែតកម្លាំងខ្លាំងបំផុត កាលពីថ្ងៃទី 20 មេសា 2023។ កម្លាំងដ៏ខ្លាំងរបស់ម៉ាស៊ីន Raptor ចំនួន 33 គ្រឿងនៅជាន់ក្រោមបង្អស់របស់ Starship បានទម្លុះជារណ្ដៅនៅខាងក្រោមជើងរបស់ប្រព័ន្ធទម្រ ធ្វើឱ្យផ្ទាំងបេតុងត្រូវបែកបាក់ និងប៉ើងចេញឆ្ងាយពីកន្លែងដើម។ មួយថ្ងៃក្រោយការបាញ់បង្ហោះសាកល្បងខាងលើ SpaceX ក៏បានឱ្យដឹងថា ពួកគេកំពុងរកវិធីបង្កើតខែលទប់ទល់នឹងបញ្ហានេះ។
ការប្រឹងប្រែងរកវិធីទប់ទល់ក៏បានចាប់ផ្ដើមតាំងពីបីខែមុន។ ប្រព័ន្ធខែលនេះមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយសម្រាប់ការបាញ់បង្ហោះកាលពីថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែសម្រេចចិត្តធ្វើតេស្ត ព្រោះយល់ថា ស្រទាប់បេតុងខាងក្រោមប្រព័ន្ធជើងទម្រ Starship អាចទ្រាំទ្រការបាញ់បង្ហោះបានពីរលើក។ ក៏ប៉ុន្តែ បញ្ហានៅតែកើតឡើង ដូច្នេះ SpaceX ក៏បង្កើនសកម្មភាពដើម្បីបង្ហើយកិច្ចការបង្កើតខែលការពារដែលធ្វើពីដែកថែប។
ថ្មីៗនេះ SpaceX បានពិសោធកម្លាំងរបស់ខែលទប់ទល់កំណែដំបូង ដោយការប្រើប្រាស់កម្លាំងរបស់ម៉ាស៊ីន Raptor មួយគ្រឿង។ នៅក្នុងវីដេអូ 20 វិនាទី ដែល SpaceX បានចែករំលែកកាលពីថ្ងៃទី 19 ឧសភា គេឃើញថា នៅពេលចំហាយទឹកបានរសាត់អស់ នៅខាងចុងវីដេអូ ខែលនេះហាក់នៅរក្សាបានទម្រង់ដើម។
SpaceX កំពុងតែអភិវឌ្ឍយាន Starship ដើម្បីដឹកអ្នកអវកាសឡើងទៅកាន់ឋានព្រះចន្ទ និងភពអង្គារ។ ណាសាក៏ជ្រើសរើស Starship ធ្វើជាស្ថានីយចុះចតដំបូងដែលនាំមនុស្សទៅជាន់ដីរបស់ឋានព្រះចន្ទនៅក្នុងកម្មវិធី Artemis។
ការធ្វើតេស្តបច្ចេកវិទ្យាខែលការពារប្រព័ន្ធទម្រយាន Starship
បច្ចុប្បន្ន SpaceX កំពុងដុតដៃដុតជើងនៅក្នុងការផលិតយាន Starship ជាច្រើនគ្រឿងនៅឯមូលដ្ឋាន Starbase ហើយគ្រោងនឹងបាញ់បង្ហោះកំណែបន្ទាប់នៅប្រហែលពីរខែទៀត បើសិនប្រព័ន្ធខែលដែកការពារផ្ទៃជើងទម្របានត្រៀមខ្លួនរួចរាល់ និងបន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលអាកាសចរណ៍អាម៉េរិក៕