(ប្រទេសចិន) – នៅថ្ងៃទី 22 ឧសភានេះ ក្រុមហ៊ុនចិន Wuling Motors បានបញ្ចុះតម្លៃរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេមួយនៅលើពិភពលោករបស់ខ្លួន មកនៅទាបបំផុតគឺត្រឹម 29,800 យន់ (4,300 ដុល្លារអាម៉េរិក)។
ម៉ូដែលរថយន្តមួយចំនួនផ្សេងទៀតរបស់ Wuling ក៏ត្រូវបានបញ្ចុះតម្លៃរហូតដល់ 13,000 យន់ (1,850 ដុល្លារអាម៉េរិក)។ នេះបើតាមប្រកាសរបស់ Wuling Motors។
Wuling HongGuang Mini EV គឺជារថយន្តបួនកៅអី មានបណ្ដោយ 2.9 ម៉ែត្រ និងកម្ពស់ 1.5 ម៉ែត្រ។ រថយន្តអគ្គិសនីនេះមានល្បឿនអតិបរមា 100 គីឡូម៉ែត្រ/ម៉ោង និងអាចបើកបរបានចម្ងាយ 170 គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលអគ្គិសនីមួយពេញ។
រថយន្តម៉ូដែលនេះមានការពេញនិយមខ្លាំងនៅប្រទេសចិន ដោយមានជាង 119,000 គ្រឿងត្រូវបានលក់ក្នុងឆ្នាំ 2020 និងបានក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេលំដាប់ទីបីនៅទូទាំងសកលលោកក្នុងឆ្នាំនោះ៕