អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ បានឱ្យដឹងថា នឹងមានការកាត់បន្ថយចំនួនអត្តពលិកចូលសញ្ជាតិនៅស៊ីហ្គេមលើកទី 33 ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងស៊ីហ្គេមលើកទី 32 កន្លងទៅ មានប្រទេសជាច្រើនប្រើប្រាស់កីឡាករចូលសញ្ជាតិដើម្បីអាចដណ្ដើមបានលទ្ធផលល្អនៅក្នុងការប្រកួត។ នៅក្នុងប្រកាសថ្មីបំផុត អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ លោក Chaiyaphak Siriwat ឱ្យដឹងថា «ប្រទេសនីមួយៗនឹងមានគោលនយោបាយផ្សេងគ្នាសម្រាប់អត្តពលិកចូលសញ្ជាតិ។ យើងត្រូវតែគោរពចំពោះប្រការនេះ។ ការបញ្ចូលសញ្ជាតិដើម្បីប្រកួតនៅក្នុងវិស័យកីឡាក៏មិនមែនជារឿងថ្មីនោះដែរ»។
ក៏ប៉ុន្តែ លោក Chaiyaphak Siriwat បានសង្កត់ធ្ងន់ថា នៅស៊ីហ្គេមលើកទី 33 នឹងមិនមានមេដាយមាសច្រើនសម្រាប់ប្រភេទកីឡាក្នុងស្រុកទៀតឡើយ។ «យើងចង់ផ្ដោតសំខាន់លើការជំរុញវិញ្ញាសាកីឡាដូចនៅ ASIAD ឬ Olympic» អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ បញ្ជាក់ដូច្នេះ។
យោងតាមមន្ត្រីថៃ វិញ្ញាសាកីឡាក្នុងស្រុកនានានឹងមានតែ 4 ប្រភេទប៉ុណ្ណោះ ហើយមេដាយសម្រាប់ប្រភេទកីឡានេះនឹងមានតែ 8 ឈុត។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី 33 នឹងត្រូវបានរៀបចំឡើងនៅបាងកក ឈុនបុរី (Chonburi) និង សុងក្លា (Songkhla) ប្រទេសថៃ ចាប់ពីថ្ងៃទី 09 ដល់ 20 ធ្នូ ឆ្នាំ 2025។ នេះបើតាម ស្ថាប័នគ្រប់គ្រងវិស័យកីឡារបស់ប្រទេសថៃ (SAT) ដែលបានប្រកាសកាលពីថ្ងៃទី 16 ឧសភា 2023៕