បីថ្ងៃបន្ទាប់ពីបានយកឈ្នះលើកក្រុមបាល់ទាត់អាយុក្រោម 22 ឆ្នាំ (U22) របស់ថៃ ក្រុមកីឡាករបាល់ទាត់ឥណ្ឌូណេស៊ី បានត្រលប់ទៅប្រទេស និងនាំគ្នាហែក្បួនអបអរជ័យជម្នះនៅរដ្ឋធានីហ្សាការតា។
ក្រុម U22 ឥណ្ឌូណេស៊ី បានចាកចេញពីកម្ពុជា ត្រលប់ទៅមាតុភូមិកាលពីព្រលប់ថ្ងៃទី 18 ឧសភា តាមរយៈយន្តហោះពិសេស ខណៈនៅឯព្រលានយន្តហោះ Soekarno-Hatta អ្នកគាំទ្ររាប់ម៉ឺននាក់បាននាំគ្នារង់ចាំទទួល។
នៅតាមផ្លូវដែល U22 ឥណ្ឌូណេស៊ីធ្វើដំណើរពីព្រលានយន្តហោះទៅកាន់សណ្ឋាគារ អ្នកគាំទ្រឈរអមសងខាង ព្រមទាំងដុតកូនកាំជ្រួចបញ្ចេញពន្លឺ។ តំបន់ខ្លះក៏រៀបចំឆាកតន្ត្រីដើម្បីទទួលស្វាគមន៍។
កាលពីព្រឹកថ្ងៃទី 19 សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ក៏បានរៀបចំពិធីហែក្បួន នាំក្រុម U22 ទាំងមូលធ្វើដំណើរតាមរថយន្តក្រុងគ្មានដំបូល ពីសណ្ឋាគារ Kemenpora ទៅកាន់ទីលាន Gelora Bung Karno។
PSSI រៀបចំទីតាំងបួនកន្លែងដែលមានសកម្មភាពកម្សាន្ត អមសងខាងផ្លូវដែលក្បួនធ្វើដំណើរឆ្លងកាត់។ នៅទីតាំងទាំងនោះមានតន្ត្រី និងសកម្មភាពលើកតម្កើង U22 ឥណ្ឌូណេស៊ី។
នៅស៊ីហ្គេមលើកទី 32 ដែលធ្វើឡើងនៅកម្ពុជា U22 ឥណ្ឌូណេស៊ី បានផ្ដួលសិង្ហបុរី មីយ៉ាន់ម៉ា ទីម័រខាងកើត និងកម្ពុជា នៅវគ្គប្រកួតវិលជុំ។ បន្ទាប់មក U22 ឥណ្ឌូណេស៊ី ក៏បានយកឈ្នះលើវៀតណាម 3-2 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅវគ្គផ្ដាច់ព្រ័ត្រ ឥណ្ឌូណេស៊ី ក៏បានផ្ដួលថៃក្នុងលទ្ធផល 5-2 ក្រោយការប្រកួត 120 នាទីប្រកបដោយហិង្សា៕