ក្លឹបបាល់ទាត់នានាដែលជាតំណាងរបស់ប្រទេសអ៊ីតាលី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Champions League, Europa League និង Conference League នៅរដូវកាលនេះ។
នៅឯ Champions League ក្លឹប Inter Milan បានផ្ដួលក្លឹបរួមស្រុក A.C. Milan 3-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅថ្ងៃទី 10 មិថុនាខាងមុខ Inter Milan នឹងប៉ះជាមួយ Man City ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
នៅឯពានរង្វាន់ Europa League ក្លឹប Roma បានឈ្នះ Leverkusen ដោយលទ្ធផល 1-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កូនសិស្ស និងគ្រូបង្វឹក Jose Mourinho នឹងប៉ះក្លឹប Sevilla នៅថ្ងៃទី 31 ឧសភា នៅប៊ុយដាប៉ែស ប្រទេសហុងគ្រី។
តំណាងទីបីរបស់អ៊ីតាលី គឺ Fiorentina នឹងត្រូវប្រកួតជាមួយក្លឹប West Ham ក្នុងវគ្គផ្ដាច់ព្រ័ត្ររបស់ពានរង្វាន់ Conference League នាថ្ងៃទី 07 មិថុនា នៅរដ្ឋធានីប្រាក ប្រទេសឆែក។ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Fiorentina បានផ្ដួល Basel ដោយលទ្ធផល 4-3។
បើសិនជា Roma, Inter និង Fiorentina សុទ្ធតែដណ្ដើមបានជ័យជម្នះ នោះបាល់ទាត់អ៊ីតាលីនឹងមាន hat-trick ទីពីរ បន្ទាប់ពី hat-trick ដំបូងត្រូវបានបង្កើតឡើងចន្លោះពីឆ្នាំ 1989 ដល់ 1990 ដោយក្លឹប AC Milan ដណ្ដើមបានពាន Champions League, Sampdoria ដណ្ដើមបានពាន Europa League និង Juventus ដណ្ដើមបានពាន UEFA Cup។ នោះក៏ជារដូវកាលតែមួយគត់ដែលបណ្ដាក្លឹបរបស់ប្រទេសមួយដណ្ដើមបានពានរង្វាន់ទាំងបីនៅទ្វីបអឺរ៉ុប៕