(ប្រទេសអ៊ីរ៉ង់) – Gholamreza Ardeshiri អាយុ 58 ឆ្នាំ គឺជាបុរសម្នាក់ដែលរស់ដោយសារ Pepsi និង Coca-Cola ក្នុងរយៈពេល 17 ឆ្នាំកន្លងមកហើយ ព្រោះ ឱ្យតែឃើញអាហារគឺគាត់រកកលក្អួត។
រឿងរ៉ាវបានចាប់ផ្ដើមកាលពីយប់មួយក្នុងឆ្នាំ 2006 នៅពេល Ardeshiri ក្រោកពីសម្រាន្តស្រាប់តែមានអ្វីចម្លែកនៅក្នុងមាត់ដែលមិនអាចបំបាត់ចោលបាន។
«ខ្ញុំមានអារម្មណ៍ដូចជាមានសក់នៅក្នុងអណ្ដាត។ ខ្ញុំបានធ្វើគ្រប់យ៉ាង ប៉ុន្តែមិនអាចបំបាត់វាចោល។ ខ្ញុំពិបាកដកដង្ហើម មិនអាចធ្វើអ្វីបាន។ អារម្មណ៍នេះពិតជាផ្ដេសផ្ដាស និងពិបាកពន្យល់» លោក Ardeshiri រម្លឹកអំពីដើមហេតុដែលនាំឱ្យគាត់ឈប់ទទួលទានអាហារ។
គាត់បានទៅពេទ្យស្ទើរគ្រប់ជំនាញ ប៉ុន្តែ បញ្ហានៅតែមិនអាចដោះស្រាយបាន។ ចុងក្រោយ គាត់បានសម្រេចចិត្តបោះបង់ការទទួលទានអាហារ ហើយរស់នៅដោយសារភេសជ្ជៈកំប៉ុង។ លោក Ardeshiri ឱ្យដឹងថា លើកដំបូងដែលគាត់ពិសាភេសជ្ជៈកំប៉ុន គាត់មានអារម្មណ៍ថា មានកម្លាំងភ្លាមៗ ហើយក៏សម្រេចចិត្តពិសាវាជំនួសអាហារ។
គ្រួសាររបស់លោក Ardeshiri បានប្រាប់ថា ពួកគេមិនបរិភោគអាហារនៅចំពោះលោក Ardeshiri ឡើយ ព្រោះថា រាល់ពេលដែលគាត់បានឃើញអាហារ គាត់តែងតែរកកលក្អួត។ ជារៀងរាល់ថ្ងៃ លោក Ardeshiri ពិសាភេសជ្ជៈនេះបីដបធំៗ និងបានអះអាងថា មិនដែលមានអារម្មណ៍ថាឃ្លាននោះទេ។ ចាប់តាំងពីមានទម្លាប់នេះមក គាត់ស្រកទម្ងន់ 32 គីឡូក្រាម ហើយក៏មិនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីឡើយ ក្នុងរយៈពេល 17 ឆ្នាំកន្លងទៅ៕