“តោះនិយាយពីលុយ” ជាកម្មវិធីមួយដែលបង្កើតឡើងដោយធនាគារជាតិនៅម្ពុជា ដើម្បីអប់រំអំពីហិរញ្ញវត្ថុដល់កុមារតូចៗ និងសាធារណជននានាដើម្បីបង្កើតទម្លាប់នៅក្នុងការសន្សំ និងការចាយវាយឱ្យបានត្រឹមត្រូវ។
នាពេលថ្មីៗនេះ យុទ្ធនាការ “តោះនិយាយពីលុយ” បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមបណ្តាសាលារៀននានានៅកម្ពុជា រួមទាំងតាមបណ្តាញសង្គមទៀតផង។ សកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ពីក្នុងយុទ្ធនាការនេះ គឺការបង្កើតសៀវភៅដែលមានរូបភាពច្រើនយ៉ាងទាក់ទាញសម្រាប់កុមារ ហើយក៏មានវីដេអូកំប្លែងខ្លីៗ រួមទាំងចម្រៀងថែមទៀតផង ដើម្បីបង្កើនភាពទាក់ទាញដល់យុវវ័យ និងមនុស្សគ្រប់គ្នាឱ្យស្វែងយល់ពីការប្រើប្រាស់លុយកាក់ឱ្យបានត្រឹមត្រូវ។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា យុទ្ធនាការ “តោះនិយាយពីលុយ” ជាកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍មួយដែលបានផ្តល់ផលប្រយោជន៍សម្រាប់មនុស្សទូទៅ ព្រោះថា កម្មវិធីនេះនឹងបង្ហាញពីចំណេះដឹងងាយៗពាក់ព័ន្ធនឹងការប្រើប្រាស់លុយកាក់ដែលវាជាផ្នែកយ៉ាងសំខាន់មួយក្នុងការរស់នៅ។
លោកជំទាវ ក៏បានលើកឡើងផងដែរថា យុទ្ធនាការនេះ ក៏ជាផ្នែកយ៉ាងសំខាន់មួយក្នុងការអប់រំប្រជាពលរដ្ឋពីចំណេះដឹងដើម្បីការពារខ្លួនពីការកេងបន្លំតាមរយៈការជ្រើសរើស និងប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងចំគោលដៅ។
គួរបញ្ជាក់ផងដែរថា ការបង្កើតវីដេអូកំប្លែងទាំងអស់នេះ ជាវិធីសាស្ត្រល្អមួយក្នុងការទាក់ទាញឱ្យមនុស្សគ្រប់គ្នាបង្កើនចំណេះដឹងប្រកបដោយភាពរីករាយ ហើយវាក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការរស់នៅផងដែរ៕