បណ្ណាល័យជាកន្លែងដែលមានសារៈសំខាន់មួយសម្រាប់អ្នកធ្វើគោលនយោបាយនានា អ្នកសិក្សាស្រាវជ្រាវ អ្នកនិពន្ធ សិស្ស-និស្សិត និងប្រជាជនទូទៅ ព្រោះវាជាប្រភពនៃចំណេះដឹងគ្រប់បែបយ៉ាងដែលគាំទ្រដល់ការរស់នៅ និងការអភិវឌ្ឍ។
ជាទូទៅ នៅកម្ពុជាយើងមិនបានមើលឃើញពីសារៈសំខាន់របស់បណ្ណាល័យអស់នោះទេ ព្រោះថា នៅក្នុងបណ្ណាល័យគឺមានមុខងារយ៉ាងសំខាន់ៗជាច្រើនផ្សេងទៀតលើសពីការដែលគ្រាន់តែទៅអង្គុយអាន និងខ្ចីសៀវភៅ។ ដើម្បីបង្ហាញចំណុចសំខាន់នានានៃបណ្ណាល័យ ឡារ៉ែន បានធ្វើបទសម្ភាសជាមួយនឹង លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត ដែលលោកនឹងបញ្ជាក់ពីចំណុចលម្អិតនានាដែលមាននៅក្នុងបណ្ណាល័យ រួមទាំងចំណុចសំខាន់ៗមួយចំនួនទៀតសម្រាប់សាធារណជនឱ្យបានយល់កាន់តែច្បាស់ពីតម្លៃនៃបណ្ណាល័យ។
1.តើបណ្ណាល័យមានសារៈសំខាន់អ្វីខ្លះសម្រាប់មនុស្សគ្រប់រូប?
បណ្ណាល័យមានសារៈសំខាន់ជាច្រើនសម្រាប់ការរស់នៅ និងសម្រាប់សង្គម។ នៅប្រទេសមួយចំនួន ជាពិសេសសិង្ហបុរី បណ្ណាល័យជាកន្លែងយ៉ាងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវការ ព្រោះថា នៅបណ្ណាល័យមានឯកសារចាំបាច់ជាច្រើនដែលបម្រើឱ្យការអប់រំ ការងារ និងការរស់នៅ រួមទាំងឯកសារដែលផ្តល់នូវគុណតម្លៃសម្រាប់តម្រូវការសង្គមទៀតផង។
លើសពីនេះទៅទៀតបណ្ណាល័យក៏ជាកន្លែងដែលអាចធ្វើឱ្យមនុស្សមានគំនិតបើកទូលាយ ហើយមានការពិចារណាយ៉ាងល្អិតល្អន់លើព័ត៌មាននានា ដែលត្រូវបានគេលើកឡើងថា វាជារឿងពិត ឬជារឿងមិនពិត។ ម្យ៉ាងវិញទៀត បណ្ណាល័យក៏ជាកន្លែងដែលសម្រួលច្រើនដល់អ្នកដែលសិក្សាស្រាវជ្រាវដើម្បីដឹងពីប្រពភនៃព័ត៌មានថ្មីៗ រួមទាំងជាកន្លែងដែលផ្តល់គំនិតសម្រាប់អ្នកនិពន្ធលើប្រធានបទដែលត្រូវសរសេរឱ្យស្របនឹងតម្រូវការសង្គម ឬប្រកបដោយគុណតម្លៃថែមទៀតផង។
- ក្រៅពីការទៅអាន និងការខ្ចីសៀវភៅហើយ តើបណ្ណាល័យអាចមានសេវាកម្មអ្វីខ្លះសម្រាប់មនុស្សគ្រប់គ្នា?
មនុស្សជាច្រើននៅកម្ពុជា បានយល់ច្រឡំថា បណ្ណាល័យគឺគ្រាន់តែជាកន្លែងសម្រាប់ទៅអង្គុយអាន និងសម្រាប់ខ្ចីសៀវភៅមកអានតែប៉ុណ្ណោះ តែតាមពិតទៅបណ្ណាល័យមានរឿងជាច្រើនលើសពីនេះ។ នៅក្នុងបណ្ណាល័យមួយដែលមានលក្ខណៈស្តង់ដារគេអាចមានសេវាជាច្រើនដូចជា សេវាកម្ម reference service ដែលសេវាកម្មសម្រួលដល់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសនិស្សិតនូវភាពងាយស្រួលក្នុងការស្វែងរកឯកសារយោង សេវាកម្មផ្តល់ឯកសារសង្ខេបដែលដកស្រង់យកតែចំណុចសំខាន់ៗនៃឯកសាររបស់អ្នកស្រាវជ្រាវពីគ្រប់ទីកន្លែងសម្រាប់អ្នកដែលត្រូវការចំណុចសំខាន់ៗពីក្នុងសៀវភៅ តែមិនមានពេលគ្រប់គ្រាន់ដើម្បីស្វែងរកសេវាកម្មប្រឹក្សាយោបល់ និងសេវាកម្មសំខាន់ៗមួយចំនួនទៀតដែលក្នុងនោះមានទាំងសេវាកម្មខ្ចី-សងផងដែរ។
លើសពីនេះទៅទៀត នៅប្រទេសខ្លះ បណ្ណាល័យក៏ជាកន្លែងដែលគាំទ្រដល់អ្នកនិពន្ធក្នុងការរក្សាកម្មសិទ្ធបញ្ញាថែមទៀតផង។
- តើដើម្បីឱ្យបណ្ណាល័យមួយមានភាពសកម្មតើយើងត្រូវធ្វើដូចម្តេចខ្លះ?
បញ្ហាសំខាន់នៅក្នុងបណ្ណាល័យគឺធនធានមនុស្ស បច្ចេកវិទ្យា និងចំនួនសៀវភៅនៅមានកម្រិត។ ហើយបញ្ហាទាំងអស់នេះជាចំណុចសំខាន់ដែលត្រូវដោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យបណ្ណាល័យមានភាពសកម្ម។
បណ្ណាល័យមួយអាចសកម្មទៅបានលុះត្រាតែមានអ្នកជំនាញបណ្ណាល័យ ដែលពួកគាត់ជាអ្នកដែលមានជំនាញច្បាស់លាស់លើការប្រើប្រាស់សៀវភៅ ការរៀបចំ និងត្រួតពិនិត្យសៀវភៅទៅតាមផ្នែកនានា បច្ចេកទេសក្នុងការបង្ហាញសៀវភៅដែលភាគច្រើនគេផ្តោតលើកាតាឡុក (catalog) និងជាអ្នកដែលយល់ច្បាស់ពីសេវាកម្មក្នុងការផ្តល់ឱ្យនូវឯកសារយោង រួមទាំងចំណេះដឹងមួយចំនួនទៀត។
ម្យ៉ាងវិញទៀត បច្ចេកវិទ្យាក៏ជាផ្នែកសំខាន់មួយក្នុងបណ្ណាល័យដែរ ព្រោះនៅក្នុងវិស័យបច្ចេកវិទ្យា ការបង្កើតកាតាឡុក ជារឿងសំខាន់ក្នុងបច្ចេកវិទ្យា ដើម្បីសម្រួលដល់អ្នកអាន និងដើម្បីបង្ហាញពីសៀវភៅសំខាន់ៗទៅកាន់អ្នកអានដែលសកម្មភាពនេះអាចធ្វើឱ្យការចូលទៅអាននឹងកាន់តែមានសកម្មភាពខ្លាំងឡើង។
ក្រៅពីនេះ ចំពោះបណ្ណាល័យកុមារវិញ គេអាចបង្កើតជាសកម្មភាពសប្បាយៗ ដោយក្នុងនោះគេអាចលេងល្បែងកម្សាន្តមួយចំនួនដើម្បីជំរុញការអាន និងបង្កើនភាពសប្បាយរីករាយសម្រាប់អ្នកអានជាដើម៕