ខ្សែការពារ Jonathan Khemdee របស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ ទទួលរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីមានសកម្មភាពគប់មេដាយប្រាក់ និងវត្ថុអនុស្សាវរីយ៍នៅស៊ីហ្គេមលើកទី 32 ទៅកាន់វេទិកាទស្សនិកជន ក្រោយពី U22 ថៃ ចាញ់ U22 ឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ។
នៅក្នុងពិធីប្រគល់មេដាយនៃវិញ្ញសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 កីឡាករខ្សែការពារ Jonathan Khemdee បង្កឱ្យមានភាពចម្រូងចម្រាសនៅពេលចាប់យកវត្ថុអនុស្សាវរីយ៍ និងមេដាយប្រាក់ដោយខ្លួនឯង ហើយគប់ទៅកាន់អ្នកគាំទ្រនៅតំបន់សម្រាប់ទស្សនិកជននៃទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រោយពីវីដេអូបង្ហាញពីសកម្មភាពខាងលើរបស់ Jonathan Khemdee ត្រូវបានចែករំលែកតគ្នានៅលើអ៊ីនធើណិត អ្នកលេងបណ្ដាញសង្គមបានធ្វើការរិះគន់ស្ទើរគ្រប់គ្នា ដោយពួកគេយល់ថា នេះគឺជាទង្វើដែលខ្វះការគោរព គ្មានសុជីវធម៌ ប្រកបដោយការមើលងាយ និងមិនអាចទទួលយកបានសម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា។
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈទំព័របណ្ដាញសង្គមផ្ទាល់ខ្លួន ក៏បានសរសេរថា៖ «កីឡាករបាល់ទាត់ថៃ ធ្វើបែបនេះគឺបាត់ចរិតជាកីឡាករ ជាការមើលងាយម្ចាស់ផ្ទះពេកហើយ។ មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះគឺមានតម្លៃកិត្តិយសធំធេងណាស់ មិនមែនគ្រប់មនុស្សចេះតែទទួលបានទេ គឺប្រគល់ដល់តែចំពោះអ្នកបានសាងស្នាដៃក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះ។ សហព័ន្ធបាល់ទាត់ថៃគួរអប់រំកីឡាកររូបនេះ»។
ក៏ប៉ុន្តែ កីឡាករថៃម្នាក់នេះ ថ្មីៗនេះក៏បានចេញមុខមកបកស្រាយនៅលើបណ្ដាញសង្គម ចំពោះទង្វើរបស់ខ្លួន បន្ទាប់ពីត្រូវបាន «សំពង» ដោយការរិះគន់យ៉ាងចាស់ដៃ។ Khemdee បានសរសេរថា គាត់គ្រាន់តែចង់ជូនមេដាយដល់អ្នកគាំទ្រដើម្បីជាការអរគុណប៉ុណ្ណោះ មិនមានបំណងគប់ចោលមេដាយដែលខ្លួន និងក្រុម U22 ថៃ ដណ្ដើមបាននោះទេ។