Skip to content

គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​បែប​ខុន​ដូ នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី8 វិច្ឆិកា នេះហើយ

ភ្នំពេញ – ដោយ​សង្កេតឃើញថា តម្រូវការ​លំនៅឋានរ​បស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​កាន់​តែមាន​កំណើន គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ថ្មី​មួយទៀត​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី8 ខែវិច្ឆិកា​ខាងមុខនេះ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ARAKAWA។

បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា នឹងចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន ARAKAWA ដែល​អភិវឌ្ឍ​នៅក្នុង​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លំនៅឋាន​តម្លៃ​សមរម្យ​នោះ​ត្រូវបាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ13,680ម៉ែត្រក្រឡា​ដែល​ត្រូវ​សាងសង់​ជា​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​ត្រូវ​សាងសង់​អគារ​ស្នាក់នៅ​រួម​ចំនួន10អគារ​ចែកជា5ប្លុក ដោយ​មួយ​ប្លុក​មាន​ពីរ​អគារ និង​មាន​កម្ពស់19ជាន់​ទៅ23ជាន់ និង​មាន​បន្ទប់​ប្រមាណ​ជា2,000 បន្ទប់ និង​គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ70លាន​ដុល្លារ។

គួរ​បញ្ជាក់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន Arakawa នេះ ជា​គម្រោង​ទី3ដែល​ធ្វើការ​អភិវឌ្ឍ ខណៈ​គម្រោង​ទី1ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​សៀ ឫទ្ធី នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គម្រោង​ទី2  អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ប៊ុន ចេស នៅ​ភាគ​ខាងជើង​នៃ​រាជធានី៕

Leave a Reply

Your email address will not be published. Required fields are marked *