គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងស៊ើបអង្កេតលើហេតុការណ៍នៃអំពើហិង្សា មុនពេលពិន័យជាប្រាក់ និង «ព្យួរជើង» ចំពោះសមាជិករបស់ក្រុម U22 ថៃ និងក្រុម U22 ឥណ្ឌូណេស៊ី ដែលបានចូលរួមប្រវាយប្រតប់គ្នានៅវគ្គផ្ដាច់ព្រ័ត្រនៃស៊ីហ្គេមលើកទី 32 កាលពីយប់ថ្ងៃទី 16 ឧសភា 2023។
ម្ចាស់ផ្ទះកម្ពុជាបានពឹង AFC ជួយចាត់ចែងវិញ្ញាសាបាល់ទាត់នៅស៊ីហ្គេមលើកទី 32។ ដូច្នេះ ហេតុការណ៍ហិង្សារវាងក្រុមថៃ និងឥណ្ឌូណេស៊ី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី 16 ឧសភា នឹងត្រូវបានប្រមូលទិន្នន័យ បញ្ជូនទៅកាន់គណៈកម្មការវិន័យរបស់ AFC ដើម្បីធ្វើការពិន័យ។
«នឹងមិនមានការពិន័យដកហូតមេដាយចំពោះក្រុមទាំងពីរ ប៉ុន្តែកីឡាករ សមាជិកក្រុមគ្រូបង្វឹកដែលបានចូលរួមវាយតប់គ្នា ប្រាកដជានឹងត្រូវពិន័យជាប្រាក់ និងហាមចូលប្រកួត» មេដឹកនាំរបស់ AFC ថ្មីៗនេះបានប្រាប់អ្នកយកព័ត៌មានដូច្នេះ។ ក៏ប៉ុន្តែ AFC អាចនឹងត្រូវចំណាយពេលប្រហែលមួយខែសម្រាប់ធ្វើការ ទើបអាចឈានដល់ការដាក់ពិន័យ។
ហេតុការណ៍ស្រដៀងគ្នានេះក៏ធ្លាប់កើតឡើងម្ដងមកហើយក្នុងវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមកាលពីឆ្នាំ 2011 រវាងក្រុមបាល់ទាត់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ កាលណោះ អ្នកគាំទ្រនាំគ្នាសម្រុកចូល វាយតប់គ្នានៅលើវេទិកាទស្សនិកជន បណ្ដាលឱ្យមនុស្សពីរនាក់បាត់បង់ជីវិត។ ក្រុមម៉ាឡេស៊ីត្រូវបានគណៈកម្មការប្រើប្រាស់រថពាសដែក អមដំណើរទៅកាន់ព្រលានយន្តហោះត្រលប់ទៅមាតុភូមិ ក្រោយពីការប្រកួត 120 នាទីបានលទ្ធផល 1-1 និងឈ្នះឥណ្ឌូណេស៊ី 4-3 បានមេដាយមាស ពេលទាត់ប៉េណាំងទីម្ដងម្នាក់៕