សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានធ្វើការសូមអភ័យទោសពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីមានអំពើហិង្សារវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមលើកទី 32។
«យើងខ្ញុំសូមអភ័យទោសចំពោះទស្សនិកជននៅទីលានប្រកួត និងអ្នកគាំទ្រនៅទូទាំងពិភពលោក។ ហេតុការណ៍នេះបានបង្កការខូចខាតធ្ងន់ធ្ងរសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិថៃ» FAT សរសេរក្នុងសេចក្ដីប្រកាសមួយដែលចុះផ្សាយនៅរសៀលថ្ងៃទី 17 ឧសភានេះ។
FAT ខកចិត្តនៅពេលសមាជិកក្រុមគ្រូបង្វឹកដែលត្រូវបានចាត់ទុកថាជាតំណាងរបស់សហព័ន្ធ បែរជាចូលរួមក្នុងហេតុការណ៍ប្រវាយប្រតប់ជាមួយឥណ្ឌូណេស៊ី។ FAT នឹងបង្កើតគណៈកម្មការវិន័យដើម្បីស៊ើបអង្កេតឱ្យបានហ្មត់ចត់ វែករកមុខអ្នកបង្កហេតុដំបូង ក៏ដូចជាអ្នកដែលបានចូលរួមក្នុងហេតុការណ៍នេះ មុនពេលលើកឡើងនូវទណ្ឌកម្មធ្ងន់ធ្ងរ។
«នឹងមិនមានការលើកលែងចំពោះអ្នកបង្កកំហុស។ គណៈកម្មការស៊ើបអង្កេតនឹងធ្វើការភ្លាម បន្ទាប់ពី U22 ត្រលប់មកប្រទេស» FAT សង្កត់ធ្ងន់ដូច្នេះ និងបន្ថែមថា បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកយោបល់ដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់នេះកើតឡើងជាថ្មី។ (ព័ត៌មានស្ដីពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រកបដោយអំពើហិង្សានេះ សូមចូលអានទីនេះ)៕