ស្ថាប័នគ្រប់គ្រងវិស័យកីឡារបស់ប្រទេសថៃ (SAT) ថ្មីៗនេះបានប្រកាសអំពីផែនការរៀបចំមហាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី 33។
កាលពីថ្ងៃទី 16 ឧសភា ការប្រកួតដែលនៅសល់របស់ស៊ីហ្គេមលើកទី 32 បានបញ្ចប់ជាស្ថាពរ។ ក្រុមកីឡាម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន 282 គ្រឿង ក្នុងនោះមានមេដាយមាសចំនួន 81 គ្រឿង ត្រូវជាប់លេខបួន។ ចំណែកក្រុមជាប់លេខមួយគឺវៀតណាម ដោយដណ្ដើមមេដាយមាសបាន 136 គ្រឿង ខណៈថៃរកបានមេដាយមាស 108 គ្រឿង ត្រូវជាប់លេខពីរ និងឥណ្ឌូណេស៊ីជាប់លេខបី ដោយដណ្ដើមមេដាយមាសបាន 87 គ្រឿង។
កាលពីថ្ងៃទី 16 ឧសភា ស្ថាប័នគ្រប់គ្រងវិស័យកីឡារបស់ប្រទេសថៃ (SAT) បានធ្វើសន្និសីទសារព័ត៌មានមួយនៅមុនពិធីបិទស៊ីហ្គេមនៅកម្ពុជា ដើម្បីប្រកាសអំពីគម្រោងសម្រាប់ស៊ីហ្គេមបន្ទាប់នាពេលខាងមុខ។ ស៊ីហ្កេមលើកទី 33 នឹងធ្វើឡើងចាប់ពីថ្ងៃទី 09 ដល់ 20 ធ្នូ 2025 នៅបាងកក ឈុនបុរី (Chonburi) និង សុងក្លា (Songkhla)។ នៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃទី 17 ឧសភានេះ ម្ចាស់ផ្ទះកម្ពុជានឹងប្រគល់ទង់ស៊ីហ្គេមដល់ម្ចាស់ផ្ទះបន្ទាប់។ ស៊ីហ្គេមលើកទី 33 នឹងជាព្រឹត្តិការណ៍ស៊ីហ្គេមដំបូងដែលថៃរៀបចំ រាប់ចាប់ពីឆ្នាំ 2007។
ស៊ីហ្គេមលើកទី 32 នៅកម្ពុជា ត្រូវបានវាយតម្លៃថា ជោគជ័យយ៉ាងត្រចះត្រចង់។ ម្ចាស់ផ្ទះកម្ពុជាបានត្រៀមយ៉ាងហ្មត់ចត់នៅគ្រប់បេសកកម្ម តាំងពីការរៀបចំ ការដឹកជញ្ជូន សន្តិសុខ និងការស្នាក់នៅ ហូបចុករបស់សមាជិកប្រតិភូកីឡានៃបណ្ដាប្រទេសដែលបានចូលរួម។
ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ដែលនឹងត្រូវធ្វើឡើងនៅម៉ោង 19:00 ថ្ងៃទី 17 ឧសភា នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានមនុស្សចូលរួមទស្សនាប្រហែល 2,000 នាក់។ យោងតាមប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 (CAMSOC) ពិធីបិទក៏នឹងមានសិល្បករ សិល្បការិនីប្រមាណ 2,000 នាក់ចូលរួមសំដែងផងដែរ។ ពិធីនេះក៏នឹងមានភាពអស្ចារ្យមិនចាញ់ពិធីបើកព្រឹត្តិការណ៍កាលពីថ្ងៃទី 05 ឧសភាប៉ុន្មានឡើយ៕