ភ្នំពេញ៖ ដោយឈរលើកំណើនសេដ្ឋកិច្ចថេរ7% ជារៀងរាល់ឆ្នាំ ធ្វើឱ្យការនាំចេញរបស់កម្ពុជានៅតែមានការកើនឡើងជាលំដាប់ ឧទាហរណ៍នៅក្នុងរយៈពេល9ខែនៃឆ្នាំ2017នេះ ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជា មានរហូតដល់7700លានដុល្លារអាមេរិក។
ទិន្នន័យដែលទើបបង្ហាញថ្មីៗរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ក្នុងចំណោមទំនិញដែលបាននាំចេញទៅក្រៅប្រទេស ភាគច្រើនបានមកពីវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងទំនិញផ្សេងៗទៀតដែលស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ (GSP) និងផែនការប្រទេសអនុគ្រោះខ្លាំងបំផុត(MFN) ដែលបានអនុញ្ញាតឱ្យផលិតផលកម្ពុជាជាច្រើនចូលទីផ្សារដោយកាត់បន្ថយពន្ធនាំចូល ឬមិនយកពន្ធតែម្ដង។
ក្នុងចំណោមទំនិញសរុប ការនាំចេញសម្លៀកបំពាក់មានតម្លៃ 4.9 ពាន់លានដុល្លារកើនឡើង 8.3 % ការនាំចេញស្បែកជើងមាន 636.76 ដុល្លារ កើនឡើង43% និងវាយនភណ្ឌ 76.88 លានដុល្លារ ខណៈផលិតផលមិនជាក់លាក់ផ្សេងទៀតមានតម្លៃ 561.45លានដុល្លារ កើនឡើងដល់ 42.51%។ តួលេខបានបង្ហាញពីតម្លៃនាំចេញអង្ករមានចំនួន 206.91លានដុល្លារ ដែលធ្លាក់ចុះ 6,7%។
ដោយឡែកការនាំចេញសរុបទៅសហភាពអឺរ៉ុប ដែលជាទីផ្សារធំជាងគេរបស់ប្រទេសកម្ពុជា បានកើនឡើងដល់ 3000លានដុល្លារ កើនឡើង 5,94 %ធៀបនឹងរយៈពេល 9 ខែដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏រឹងមាំនេះត្រូវបានកត់ត្រានៅក្នុងការនាំចេញទៅជប៉ុនដែលមានចំនួន 534.25 លានដុល្លារ កើនឡើង 25.84 %។ ចំណែកការនាំចេញទៅអាមេរិក ជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុននាំចេញសម្លៀកបំពាក់កម្ពុជាមានចំនួន 1,47 ពាន់លានដុល្លារធ្លាក់ចុះ 1% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕