អ្នកដែលត្រូវធ្វើដំណើរកម្សាន្តឆ្ងាយៗ ជាទូទៅរមែងរអ៊ូដាក់ខ្លួនឯងថា ត្រូវជួបបញ្ហាគ្រប់ជំពូកគ្រប់ហេតុម្ដងហើយម្ដងទៀត បញ្ហាទាំងនោះមិនមានច្រើនប៉ុន្មានទេ គ្រាន់តែអ្នកមិនសូវបានយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាសុខភាពដោយខ្លួនអ្នកផ្ទាល់។ ដូច្នេះការធ្វើដំណើរកម្សាន្ត ដើម្បីថែរក្សាសុខភាព និងបញ្ហាឈឺថ្កាត់មួយចំនួន អ្នកគួរតែត្រៀមខ្លួនជាមុន មុនពេលចេញដំណើរ រួមទាំងត្រូវប្រុងប្រយ័ត្នការទទួលទានអាហារ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ សម្លៀកបំពាក់ និងថវិកាជាដើម។ ដោយឡែកក្នុងរដូវភ្ជុំបិណ្ឌនេះ ទស្សនាវដ្តី ឡារ៉ែនសូមចែករំលែកនូវវិធីទប់ស្កាល់ការឈឺចាប់នានា មុនពេលធ្វើដំណើរកម្សាន្តឆ្ងាយៗ ជូនដល់ប្រិយមិត្តអ្នកអានទាំងអស់បានត្រៀមខ្លួន និងបង្ការទុកជាមុនដូចខាងក្រោមនេះ។
1-ឈឺចង្កេះ
មុនពេលធ្វើដំណើរមិនថាតែទៅកម្សាន្តផ្លូវឆ្ងាយ ឬទៅធ្វើការងាររយៈពេលយូរៗនោះទេ ប្រសិនបើអាចផ្ញើសម្ភារទៅមុន ក៏ប្រញាប់ផ្ញើទៅមុនក៏បានដែរ ព្រោះថាខណៈនោះអ្នកមិនបាច់ត្រូវនឿយហត់នឹងការលើករបស់ធ្ងន់ៗ ជាហេតុបណ្ដាលឱ្យឈឺចង្កេះ។ ក្នុងអំឡុងពេលធ្វើដំណើរ អ្នកត្រូវឧស្សាហ៍ក្រោក ឬពត់ពែនខ្លួននៅកន្លែងអង្គុយ ដើម្បីឱ្យយឺតសរសៃ មិនស្ពឹកស្រពន់ ជាពិសេសបើអាកាសធាតុត្រជាក់ ក៏ត្រូវឧស្សាហ៍ពត់ពែនខ្លួនផងដែរ។ ខណៈដើរកម្សាន្តផ្លូវឆ្ងាយ មិនត្រូវជ្រើសយកគ្រែគេងដែលមានពូកទន់ពេកនោះទេ ព្រោះការសម្រាកទម្រេតរាងកាយ មិនប្រកបដោយសភាវៈត្រឹមត្រូវអាចបណ្ដាលឱ្យអ្នកឈឺចង្កេះបាន អ្នកគួរតែសម្រាកនៅលើគ្រែធម្មតា ឬមិនមានពូកជាមុនសិន។
2-អាការឈឺពោះ ហើមពោះ ចុកឆ្អល់
មុនពេលធ្វើដំណើរមួយថ្ងៃ ឬពីរថ្ងៃ គឺតម្រូវឱ្យទទួលទានទឹកដោះគោជូរ ដែលមានប្រូបាយអូទិកស៍ ព្រោះវាជួយឱ្យអាស៊ីតក្រពះ និងខ្យល់នៅក្នុងពោះវៀនដំណើរការស្រួល ព្រមទាំងជំនួយដល់ការរំលាយអាហារផងដែរ។ ប្រសិនបើអ្នកដែលមានអារម្មណ៍មិនសូវស្រួលពោះ នៅពេលធ្វើដំណើរ សូមណែនាំឱ្យត្រៀមនូវថ្នាំកាបូន ដែលមានគ្រាប់ពណ៌ខ្មៅៗ ដែលមានលក់នៅតាមបណ្ដាឱសថស្ថាននានា ដាក់ជាប់តាមខ្លួន ព្រោះវាអាចជួយសម្រួលស្ថានការណ៍ឈឺពោះបានជាបណ្ដោះអាសន្ន។ នៅពេលទៅដល់ទីតាំសំចតនីមួយៗ អ្នកត្រូវទទួលទានទឹកឱ្យបានច្រើន ហើយត្រូវទទួលទានបន្លែផ្លែឈើណាដែលមានសារជាតិអាហារកាកសរសៃឱ្យបានច្រើន ដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារ។
3-ការឡើងទម្ងន់
ខណៈធ្វើដំណើរសូមកុំទិញរបស់ញ៉ាំដាក់ជាប់តាមខ្លួនច្រើនពេក ព្រោះវាអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ភ្លើតភ្លើនចង់តែញ៉ាំមិនឈប់ និងញ៉ាំឱ្យទាល់តែអស់។ មុនពេលចេញដំណើរត្រូវទទួលទានទឹកមួយកែវមុនទៅទទួលទានអាហារផ្សេងៗ ព្រោះទឹកអាចជួយបំពេញ និងចម្អែតក្រពះមុនទទួលទានអាហារផ្សេង។ នៅពេលទៅដល់គោលដៅសំចតនីមួយៗ កុំប្រញាប់សំដៅទៅកាន់កន្លែងលក់អាហារ អ្នកគួរតែសំដៅទៅរកបន្ទប់ទឹក ឬកន្លែងសម្រាកជាមុនសិន ដើម្បីបំបាត់ភាពនឿយហត់មុនទទួលទានអាហារ។
4-ការពាររោគ និងជំងឺ
នៅមុនពេលធ្វើដំណើរ អ្នកគួរតែចាក់ថ្នាំការពារជំងឺ និងចាក់វាក់សាំងការពារជំងឺជាដើម។ អ្នកត្រូវត្រៀមថ្នាំដាក់តាមខ្លួនដូចជា ថ្នាំផ្ដាយសាយ ថ្នាំប្រឆាំងមេរោគ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំពុលឡាន ថ្នាំព្យាបាលជំងឺប្រចាំកាយ អាល់កុល ថ្នាំលាងរបួសប្រេងកូឡា ជាពិសេសគឺថ្នាំប៉ារ៉ាសេតាមុលតែម្តង ដើម្បីជួយដោះទាល់ពេលដែលអ្នកកើតមានជំងឺជាបន្ទាន់នៅក្នុងដំណើរកម្សាន្តរបស់អ្នក។អ្នកគួរតែមានថ្នាំលាបការពារសត្វមូស ឬសត្វល្អិតខាំជាដើម និងត្រូវត្រៀមឆ័ត្រ អាវដៃវែង កន្សែងក្រាស់ៗ ដើម្បីការពារអាកាសធាតុនៅតាមតំបន់ផ្សេងៗផងដែរ៕