ក្រុមបាល់ទាត់បុរសថៃ នឹងបង្កើតបានកំណត់ត្រាថ្មីស្ដីពីការដណ្ដើមបានមេដាយមាសនៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) បើសិនបានឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ។
បើផ្ដួល U22 ឥណ្ឌូណេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 នេះបានសម្រេច បាល់ទាត់ថៃនឹងបង្កើតបានកំណត់ត្រាដណ្ដើមបានមេដាយមាស 17 ជំនាន់នៅអាស៊ីអាគ្នេយ៍។ ចំណែក U22 ឥណ្ឌូណេស៊ីវិញ បើសិនជាឈ្នះថៃ ពួកគេក៏នឹងមានមេដាយមាសទីបីដូចទៅនឹងក្រុមបាល់ទាត់វៀតណាម។
បច្ចុប្បន្ន ក្រុមកីឡាករថៃ ត្រូវបានវាយតម្លៃខ្ពស់ជាងក្រុមឥណ្ឌូណេស៊ី សម្រាប់វគ្គចុងក្រោយបង្អស់នេះ។ ក្រៅពីកត្តាប្រវត្តិសាស្ត្រ គុណភាពនៃជំនាញរបស់ក្រុមថៃក៏កំពុងលេចធ្លោជាងឥណ្ឌូណេស៊ី។ ថៃក៏កំពុងសប្បាយចិត្តផងដែរ ព្រោះមិនត្រូវប្រឈមមុខនឹងគូប្រជែង (វៀតណាម) ដែលជាម្ចាស់ជើងឯកបីជំនាន់ជាប់ៗគ្នា។
ចំណែក U22 ឥណ្ឌូណេស៊ីមិនចាញ់ U22 ថៃប៉ុន្មានដែរ បើនិយាយអំពីបទពិសោធន៍។ ប៉ុន្តែឥណ្ឌូណេស៊ីធ្លាប់បានឈ្នះថៃនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមតែម្ដងគត់ នោះគឺនៅស៊ីហ្គេមឆ្នាំ 1991 (ពួកគេស្មើគ្នា 0-0 ប៉ុន្តែ ពេលទាត់ប៉េណាំងទីម្ដងម្នាក់ ឥណ្ឌូណេស៊ីក៏បានឈ្នះ 4-3)។ កន្លងមក ថៃមិនបានចាត់ទុកឥណ្ឌូណេស៊ីថា «ខ្លាំងជាង» ម៉ាឡេស៊ី និងវៀតណាមនោះឡើយ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសរវាង ថៃ និងឥណ្ឌូណេស៊ី នៅស៊ីហ្គេមលើកនេះ នឹងត្រូវធ្វើឡើងនៅម៉ោង 19:30 ព្រលប់ថ្ងៃទី 16 ឧសភា 2023 លើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក៕