ការស្ទាក់ផ្លូវរបស់ក្រុមអ្នកគាំទ្រកម្ពុជានេះ គឺជាទិដ្ឋភាពដែលពិបាកបំភ្លេចសម្រាប់ក្រុមកីឡាករបាល់ទាត់បុរសអាយុក្រោម 22 ឆ្នាំ (U22) របស់ប្រទេសឥណ្ឌូណេស៊ី ក្រោយពីបានប៉ះ U22 វៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកនេះ។
ទំព័រ Okezone ថ្មីៗនេះ ទើបតែបានចុះផ្សាយអត្ថបទមួយនិយាយអំពីប្រតិកម្មពិសេសរបស់ក្រុមអ្នកគាំទ្រកម្ពុជា ចំពោះក្រុមកីឡាករបាល់ទាត់ U22 ឥណ្ឌូណេស៊ី ដែលដណ្ដើមបានជ័យជម្នះលើ U22 វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមលើកទី 32 កាលពីថ្ងៃទី 13 ឧសភា ក្នុងលទ្ធផល 3-2។
ទំព័រ Okezone ឱ្យដឹងថា មិនយូរប៉ុន្មានបន្ទាប់ពីយកឈ្នះលើវៀតណាម រថយន្តក្រុងក៏បានត្រៀមដឹកក្រុម U22 ឥណ្ឌូណេស៊ី ត្រលប់ទៅសណ្ឋាគារ ប៉ុន្តែ ស្រាប់តែត្រូវក្រុមអ្នកគាំទ្ររបស់កម្ពុជា ស្ទាក់ផ្លូវ «ឡោមព័ទ្ធ» ធ្វើឱ្យរថយន្តមិនអាចបរទៅមុខ។ ក្រោយពីរូបថតស្ដីពីករណីនេះត្រូវបានចែករំលែកលើបណ្ដាញសង្គម អ្នកគាំទ្រនៅឥណ្ឌូណេស៊ី ក៏មានការងឿងឆ្ងល់ខ្លាំង និងចង់ដឹងថា មានអ្វីកើតឡើងចំពោះក្រុមឥណ្ឌូណេស៊ី។
តាមការពិត មូលហេតុដែលនាំឱ្យអ្នកគាំទ្ររបស់កម្ពុជា ស្ទាក់ឡានដឹកក្រុមឥណ្ឌូណេស៊ី គឺជារឿងសាមញ្ញសោះ។ យោងតាមទំព័រ Okezone អ្នកគាំទ្ររបស់កម្ពុជាធ្វើដូច្នេះគឺគ្រាន់តែដើម្បីសុំថតរូបជាមួយ Marselino Ferdinan និងមិត្តរួមក្រុមរបស់គាត់។
ក្រុមអ្នកគាំទ្ររបស់កម្ពុជាទាំងនេះ គឺមានទាំងបុរស ទាំងនារី។ តប់នឹងសំណើរបស់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ កីឡាករជាច្រើនរូបរបស់ឥណ្ឌូណេស៊ី ក៏យល់ព្រមថតរូបប្រកបដោយភាពស្និទ្ធស្នាល។ បន្ទាប់មក ពួកគេក៏ឡើងឡាន និងចេញដំណើរដោយមានការរាដៃលាពីអ្នកគាំទ្រ ហើយទៅដល់សណ្ឋាគារដោយសុវត្ថិភាព។
ទំព័រ Okezone បានឱ្យដឹងថា ប្រតិកម្មដ៏ពិសេសនេះ បានក្លាយជាទីចាប់អារម្មណ៍លើបណ្ដាញសង្គមនៅឥណ្ឌូណេស៊ី។ សារព័ត៌មានឥណ្ឌូណេស៊ី យល់ថា នេះគឺជាទិដ្ឋភាពដ៏គួរឱ្យចងចាំសម្រាប់ Ferdinan និងមិត្តរួមក្រុមនៅស៊ីហ្គេមលើកទី 32។ ក្រៅពីនេះ ការគាំទ្ររបស់ទស្សនិកជនកម្ពុជា ក៏នឹងជួយឱ្យ U22 ឥណ្ឌូណេស៊ី មានកម្លាំងចិត្តកាន់តែខ្ពស់ នៅក្នុងការប្រកួតជាមួយ U22 ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ឆ្ពោះទៅដណ្ដើមមេដាយមាសក្រោយការរង់ចាំអស់ 32 ឆ្នាំ៕