ប្រទេសកម្ពុជាបានទទួលជោគជ័យធំៗចំនួនបី នៅក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32។ នេះបើតាម ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកទី 32 (CAMSOC)។
ការបញ្ជាក់ខាងលើ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 16 ឧសភា បន្ទាប់ពី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពីការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី 33។
យោងតាម ឯកឧត្ដម វ៉ាត់ ចំរើន ជោគជ័យធំទីមួយដែលកម្ពុជាទទួលបាន គឺភាពជោគជ័យដ៏អស្ចារ្យនៃការរៀបចំពិធីបើកជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 កាលពីថ្ងៃទី 05 ឧសភា 2023 នៅពហុកីឡដ្ឋានមរតកតេជោ។
សម្រាប់ភាពជោគជ័យធំទីពីរ គឺចំនួនដ៏ច្រើននៃមេដាយដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលនេះអាចជួយកម្ពុជាជាប់ចំណាត់ថ្នាក់ទីបួន ក្នុងចំណោម 11 ប្រទេស ហើយនេះគឺជារឿងមិនធ្លាប់មានពីមុនមកសម្រាប់កម្ពុជា។
«ជោគជ័យទីបី គឺភាពជោគជ័យរបស់មហាជន និងសារព័ត៌មានដែលបានផ្តិតយករូបភាពល្អៗ និងរូបភាពមួយដ៏អស្ចារ្យ គឺរូបភាពនៃការដាក់ចេញនូវស្មារតីកីឡារបស់កីឡារិនី ប៊ូ សំណាង» ឯកឧត្ដម វ៉ាត់ ចំរើន ថ្លែងដូច្នេះ។
ឯកឧត្ដមបានបន្ថែមថា ទាំងអស់នេះជាការសម្រេចដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មហាព្រឹត្តិការណ៍នេះ៕