(សហរដ្ឋអាម៉េរិក) – យន្តហោះដែលមានស្លាបប្រវែង 117 ម៉ែត្ររបស់ក្រុមហ៊ុន Stratolaunch ទម្លាក់យន្តហោះគំរូដើមដែលមានល្បឿនលឿនជាងសំឡេងក្រោមប្រាំដង បានដោយជោគជ័យ នៅឯលំហសមុទ្រ California។
ក្រុមហ៊ុនអាកាសចរណ៍អវកាស Stratolaunch នៅសហរដ្ឋអាម៉េរិក សម្រេចបានមួយជំហានសំខាន់ទៀតក្នុងការធ្វើឱ្យប្រព័ន្ធបង្ហោះយន្តហោះល្បឿនលឿនជាងសំឡេងក្រោមប្រាំដង ក្លាយជាឧបករណ៍ដែលអាចប្រើប្រាស់បាន។ កាលពីសប្ដាហ៍កន្លង ក្រុមហ៊ុននេះសម្រេចបានជោគជ័យនៅពេលទម្លាក់យានសម្រាប់ធ្វើតេស្ត Talon-0 (TA-0) ពីយន្តហោះ Roc។
ដោយមានដងខ្លួនចំនួនពីរ មានម៉ាស៊ីន Boeing 747 ចំនួន 6 គ្រឿង, កង់ចំនួន 28 គ្រាប់ និងស្លាបប្រវែង 117 ម៉ែត្រ (វែងជាងទីលានបាល់ទាត់) Roc គឺជាយន្តហោះធំជាងគេបង្អស់លើពិភពលោក បើគិតទៅតាមប្រវែងស្លាប។ នេះបើតាមទំព័រ Space។
Roc ហោះឡើងពីព្រលាន Mojave នៅ California ខាងត្បូង កាលពីព្រឹកថ្ងៃទី 13 ឧសភា ចាប់ផ្ដើមជើងហោះហើរសាកល្បងលើកទី 11។ Roc នាំយកយានសម្រាប់ធ្វើតេស្ត TA-0 បំពាក់នៅចន្លោះដងខ្លួនទាំងពីររបស់វា និងហោះទៅទិសខាងលិច ហើយទម្លាក់ TA-0 នៅពេលទៅដល់លំហសមុទ្រ California។ TA-0 ទម្លាក់ខ្លួនចុះលើផ្ទៃទឹកសមុទ្រ ទៅតាមការគ្រោងទុក ខណៈ Roc ហោះត្រលប់មកចុះចតវិញ ក្រោយបេសកកម្មសាកល្បងរយៈពេលប្រហែលបួនម៉ោងបានបញ្ចប់។
Stratolaunch មានគម្រោងប្រើប្រាស់ Roc ដើម្បីដឹកយន្តហោះគ្មានមនុស្សបើកបរ ល្បឿនលឿនជាងសំឡេងក្រោមប្រាំដង Talon-A (TA-1) ឡើងទៅកាន់កម្ពស់ 10,000 ម៉ែត្រ។ នៅទីនោះ វានឹងត្រូវបានផ្ដាច់ចេញពី Roc ដើម្បីហោះហើរដោយខ្លួនឯង។ TA-1 ដំណើរការដោយរ៉ុក្កែត នឹងបន្តហោះក្នុងល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង) មុនពេលចុះចតដោយស្វ័យប្រវត្ត៕