យន្តហោះ SKY Magnetar ដែលមានរូបរាងស្រដៀងយានអវកាស អាចដឹកអ្នកដំណើរហោះក្នុងល្បឿន 6,759 គីឡូម៉ែត្រ។
អ្នករចនា Oscar Vinals មកពីអេស្ប៉ាញ បានបង្ហាញយន្តហោះ SKY Magnetar ដែលអាចហោះក្នុងល្បឿន 6,759 គីឡូម៉ែត្រ/ម៉ោង លឿនជាងបីដងធៀបនឹងយន្តហោះ Concorde។ យន្តហោះនេះអាចដឹកអ្នកដំណើរពីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស ទៅកាន់ New York សហរដ្ឋអាម៉េរិក ដោយចំណាយពេលតែ 50 នាទី លឿនជាងឆ្ងាយបើធៀបនឹងកំណត់ត្រា 2 ម៉ោង នឹង 52 នាទី មុននោះ។ នេះបើតាមទំព័រ Sun ចុះផ្សាយកាលពីថ្ងៃទី 13 ឧសភា។
យានដែលពាក់កណ្ដាលជាយន្តហោះ ពាក់កណ្ដាលជារ៉ុក្កែតនេះ មានបណ្ដោយ 112 ម៉ែត្រ និងអាចដាក់អ្នកដំណើរបាន 120 នាក់។ យន្តហោះនេះនឹងត្រូវបានបើកបរដោយពីឡុតពីរនាក់ រួមនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ SKY Magnetar អាចហោះបានចម្ងាយ 11,999 គីឡូម៉ែត្រ ដែលអាចហោះទៅដល់គ្រប់ទីកន្លែងដោយប្រើពេលតែពីរម៉ោង។
SKY Magnetar នឹងជាយន្តហោះដែលល្អសម្រាប់បរិស្ថាន ដោយសារប្រើប្រាស់ឥន្ធនៈអ៊ីដ្រូសែនជាថាមពលសម្រាប់ម៉ាស៊ីន។
ទោះជាយ៉ាងនេះក៏ដោយ មកដល់បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុន ឬអង្គការណាមួយបញ្ជាក់ថានឹងផលិត ក៏ដូចជាសាកល្បងរចនាយន្តហោះ SKY Magnetar នៅឡើយ ខណៈដែលលោក Oscar ជឿថា យន្តហោះនេះនឹងជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ល្បឿនលឿនជាងសំឡេងនៅពាសពេញពិភពលោក។
យន្តហោះ Concorde ដែលសហការអភិវឌ្ឍ និងផលិតដោយចក្រភពអង់គ្លេស និងបារាំង បានឈប់ដំណើរការកាលពីឆ្នាំ 2003 ដោយសារតែមានសំឡេងរំខានខ្លាំង ការចំណាយក៏ខ្ពស់ និងសមត្ថភាពផ្ទុកមិនបានច្រើន។ បច្ចុប្បន្ន យន្តហោះដែលមានល្បឿនលឿនជាងគេលើពិភពលោក គឺ Boeing 747-8i ដែលហោះបាន 1,062 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង ½ នៃល្បឿនរបស់យន្តហោះ Concorde និង 1/6 នៃល្បឿនរបស់យន្តហោះ SKY Magnetar៕