បើសិនជាផ្ដួលមីយ៉ាន់ម៉ាបានសម្រេចនៅវគ្គផ្ដាច់ព្រ័ត្រនាព្រលប់ថ្ងៃទី 15 ឧសភានេះ ក្រុមបាល់ទាត់នារីវៀតណាម នឹងក្លាយជាក្រុមនារីដំបូងគេដែលគ្រប់គ្រងជើងឯកបាល់ទាត់នារីបួនជំនាន់បន្តបន្ទាប់គ្នានៅស៊ីហ្គេម។
ដោយមានកីឡាការិនីពេញដោយគុណភាព និងបទពិសោធន៍ ក្រុមបាល់ទាត់នារីវៀតណាមបាន និងកំពុង «បង្កព្យុះភ្លៀង» នៅលើទីលានបាល់ទាត់នៅអាស៊ីអាគ្នេយ៍។ ក្រុមវៀតណាមបានលើកពានស៊ីហ្គេមបីលើកជាបន្តបន្ទាប់ បើទោះជាមានក្រុមជើងខ្លាំងថៃ ហ្វ៊ីលីពីន ឬមីយ៉ាន់ម៉ា នាប៉ុន្មានឆ្នាំកន្លង។
បើសិនទទួលបានជោគជ័យនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅម៉ោង 19 ព្រលប់នេះ ក្រុមនារីវៀតណាមនឹងក្លាយជាក្រុមនារីដំបូងគេដែលដណ្ដើមបានមេដាយមាសបួនជំនាន់ជាបន្តបន្ទាប់ និង 8 លើកនៅស៊ីហ្គេម។ បច្ចុប្បន្ន ក្រុមនារីថៃ ក៏ធ្លាប់លើកពានបីលើកជាប់ៗគ្នានៅស៊ីហ្គេមផងដែរ។
នៅមុនពេលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ វៀតណាមធ្លាប់ផ្ដួលមីយ៉ាន់ម៉ា 3-1 នៅជើងទីពីរ។ បើសិនពិនិត្យទៅលើប្រវត្តិនៃការប៉ះគ្នារវាងមីយ៉ាន់ម៉ា និងវៀតណាម គេឃើញថា វៀតណាមកំពុងមានប្រៀបជាងក្នុងផ្នែកកម្លាំងចិត្ត។ ចាប់ពីឆ្នាំ 2007 ពួកគេបានប៉ះគ្នា 26 ប្រកួតនៅគ្រប់ទីលាន ក្នុងនោះវៀតណាមឈ្នះ 18 ប្រកួត, ស្មើ 5 ប្រកួត និងចាញ់ 3 ប្រកួត។ ដោយឡែក នៅក្នុងស៊ីហ្គេម វៀតណាមមិនបានចាញ់មីយ៉ាន់ម៉ា ប៉ុន្តែបានឈ្នះ 3 ប្រកួត និងស្មើ 2 ប្រកួត។
ទោះជាយ៉ាងណាក៏ដោយ មីយ៉ាន់ម៉ា គឺជាក្រុមដែលអាចធ្វើឱ្យមានការភ្ញាក់ផ្អើលគ្រប់ពេល។ ប្រការនេះ ពួកគេបានបញ្ជាក់រួចហើយតាមរយៈការផ្ដួលហ្វ៊ីលីពីន និងយកឈ្នះលើកថៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕