រថភ្លើងដែលមានល្បឿន 60 គីឡូម៉ែត្រ/ម៉ោង ស្ថិតនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដំណើរការដោយស្វ័យប្រវត្ត និងស្ងាត់ នាំមកនូវបទពិសោធន៍ផាសុកភាពដល់អ្នកដំណើរ។
រថភ្លើងដែលមានឈ្មោះថា «Optics valley photon» ត្រូវបានព្យួរក្រោមផ្លូវដែកមួយជួរ ធ្វើឱ្យវាដូចទៅនឹងការបរត្រលប់ពីលើមកក្រោម។ នៅពេលរត់ខាងលើទីក្រុងនៅពេលយប់ រថភ្លើងនេះមានពន្លឺដ៏ស្រស់ស្អាត។
ធៀបនឹងរថភ្លើងអគ្គិសនីក្រោមដីដែលបរលើផ្លូវដែកពីរជួរបច្ចុប្បន្ន រថភ្លើងព្យួរក្រោមផ្លូវដែកមួយជួរនេះស្ងាត់ ល្អ និងមានផាសុកភាពជាង។ រថភ្លើងនេះក៏មិនត្រូវបានរំខានដោយមនុស្ស ឬយានយន្តដទៃ។ អស្ចារ្យជាងនេះ នោះគឺអ្នកដំណើរអាចគយគនទេសភាពទីក្រុងពីជ្រុងមួយខុសពីរថភ្លើងធម្មតា តាមរយៈបាតធ្វើពីកញ្ចក់។
រថភ្លើងព្យួរបញ្ច្រាសក្រោមផ្លូវដែកមួយជួរនេះដំណើរការប្រកបដោយភាពឆ្លាតវៃ ក្នុងល្បឿនអតិបរមា 60 គីឡូម៉ែត្រ/ម៉ោង។ ដំណើរការទាំងស្រុងរបស់រថភ្លើងនេះ រួមមាន ការបើកបិទទ្វារ ការចាប់ផ្ដើមរត់ និងការចូលចតក្នុងស្ថានីយ គឺសុទ្ធតែធ្វើឡើងដោយស្វ័យប្រវត្ត មិនបាច់មានជំនួយពីមនុស្ស។
រថភ្លើងនេះកំពុងដំណើរការដូចទៅនឹងផ្លូវទស្សនកិច្ចសម្រាប់ទេសចរនៅតំបន់អភិវឌ្ឍបច្ចេកវិទ្យាជាន់ខ្ពស់ East Lake (East Lake Hi-tech Development Zone) របស់ទីក្រុង Wuhan។