កាលពីព្រលប់ថ្ងៃទី 12 ឧសភា ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានប្រឹងអស់ពីសមត្ថភាព ប៉ុន្តែនៅតែចាញ់ក្រុមនារីវៀតណាម ក្នុងលទ្ធផល 0-4 ខណៈដដែល ក្រុមនារីថៃត្រូវចាញ់ក្រុមមីយ៉ាន់ម៉ា 2-4 នាំឱ្យកម្ពុជាត្រូវប៉ះថៃដើម្បីដណ្ដើមមេដាយសំរឹទ្ធ។
«នៅមុនការប្រកួត ខ្ញុំគិតថា នឹងមិនចាញ់ដល់ថ្នាក់នេះ។ ពួកយើងរំពឹងថានឹងស្មើជាមួយវៀតណាម។ ក៏ប៉ុន្តែ ជាក់ស្ដែង គ្រប់គ្នាអាចមើលឃើញគម្លាតសមត្ថភាពរវាងក្រុមទាំងពីរ។ ក្រុមនារីវៀតណាមមានបច្ចេកទេស និងបទពិសោធន៍ច្រើនជាង។ ចំណែកកីឡាការិនីរបស់ខ្ញុំនៅក្មេងខ្ចី» គ្រូបង្វឹកជនជាតិចិនរបស់ក្រុមបាល់ទាត់នារីកម្ពុជា លោក Gao Fulin ថ្លែងដូច្នេះបន្ទាប់ពីចាញ់វៀតណាម 0-4 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់នារីនៅស៊ីហ្គេមលើកទី 32 កាលពីព្រលប់ថ្ងៃទី 12 ឧសភ។
អ្នកគាំទ្រជាច្រើនរបស់កម្ពុជា យល់ថា ក្រុមនារីកម្ពុជាបានបង្ហាញសមត្ថភាពដែលបញ្ជាក់អំពីការរីកចម្រើនជាងមុនឆ្ងាយ ប៉ុន្តែមិនអាចទប់ទល់នឹងវៀតណាមបាន ដោយសារថា ក្រុមនារីវៀតណាមគឺជាជើងខ្លាំង ធ្លាប់ជាម្ចាស់ជើងឯកស៊ីហ្គេមបីជំនាន់ជាប់ៗគ្នាចុងក្រោយនេះ។
គ្រូបង្វឹកកម្ពុជាយល់ថា ក្រុមនារីកម្ពុជាពុំមានពេលសម្រាប់ការតូចចិត្ត ព្រោះនៅចំពោះមុខគឺគោលដៅផ្ដួលក្រុមនារីថៃ ដែលបានចាញ់មីយ៉ាន់ម៉ានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយសំរឹទ្ធ។ «យើងនឹងយកកម្លាំងមកវិញឱ្យបានលឿនបន្ទាប់ពីការប្រកួតនេះ និងប្រឹងប្រែងប្រកួតជាមួយថៃ ឱ្យបានល្អបំផុត។ យើងសង្ឃឹមថា អាចធ្វើអ្វីមួយសម្រាប់ទស្សនិកជនម្ចាស់ផ្ទះ» គ្រូបង្វឹករបស់ក្រុមនារីកម្ពុជា ថ្លែងដូច្នេះ។
ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកពុំមែនជាលទ្ធផលចុងក្រោយឡើយ។ ម្យ៉ាងទៀត ក្រុមនារីកម្ពុជា ក៏ធ្លាប់បានចាញ់ក្រុមថៃ 0-3 នៅក្នុងវគ្គចែកពូល។ ប៉ុន្តែ Admin សូមជូនពរដល់ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានជ័យជម្នះ និងយកបានមេដាយជូនជាតិ!