យោងតាមអ្នកជំនាញ កម្ពុជាចំណាយប្រាក់ជាង 100 លានដុល្លារអាម៉េរិក ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ដោយ «មិនគិតថ្លៃ» ក្នុងបំណងលើកកម្ពស់កិត្តិនាមប្រទេសជាតិ ជំរុញសកម្មភាពវិនិយោគ និងទេសចរណ៍យូរអង្វេង។
កម្ពុជាចំណាយប្រាក់ប្រហែល 118 លានដុល្លារអាម៉េរិកសម្រាប់ស៊ីហ្គេមលើកទី 32 ក្នុងនោះមានប្រហែល 7 លានដុល្លារសម្រាប់ការស្នាក់នៅ ហូបចុករបស់ប្រតិភូកីឡានៃបណ្ដាប្រទេសដែលចូលរួមប្រកួត ព្រមទាំងមិនគិតថ្លៃសម្រាប់ការចូលទស្សនា និងការផ្សាយផ្ទាល់តាមទូរទស្សន៍។ នេះបើតាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 (CAMSOC)។
ថ្លែងនៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានអន្តរជាតិ នៅឯមជ្ឈមណ្ឌលព័ត៌មានកណ្ដាលនៃស៊ីហ្គេមលើកទី 32 កាលពីព្រលប់ថ្ងៃទី 14 ឧសភា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍របស់ CAMSOC បានអះអាងថា ស៊ីហ្គេមលើកទី 32 គឺជាឱកាសល្អដើម្បីឱ្យកម្ពុជាផ្សព្វផ្សាយអំពីប្រទេសជាតិ ពិសេសគឺទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការបរទេស។
លោក អ៊ុច លាង អនុប្រធាននៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ថា ការសម្រេចចិត្តទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 និងគោលនយោបាយមិនគិតថ្លៃ បានរួមចំណែកបង្ហាញអំពីមុខមាត់ កេរ្តិ៍ឈ្មោះ និងការរីកចម្រើនថ្មីរបស់កម្ពុជា។ លោកបញ្ជាក់ថា ប្រការនេះបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍ធំជាលក្ខណៈអន្តរជាតិ។
ប្រការនេះគឺផ្ទុយពីឆ្នាំ 2006 ដែលកាលណោះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា កម្ពុជាមិនអាចទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី 26 ហើយបានបដិសេធការអញ្ជើញឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេមឆ្នាំ 2015។
មកដល់ឆ្នាំ 2015 ទើប គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រកាសជាលើកដំបូងស្ដីពីបំណងទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32។ ចាប់តាំងពីពេលនោះមក កម្ពុជាក៏ចាប់ផ្ដើមត្រៀមខ្លួនសម្រាប់មហាព្រឹត្តិការណ៍នេះ។
ឆ្នាំ 2015 រាជរដ្ឋាភិបាលអនុម័តគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដែលកាលណោះគ្រោងនឹងត្រូវចំណាយ 200 លានដុល្លារអាម៉េរិក។ គម្រោងនេះបានរួចរាល់ជាស្ថាពរកាលពីខែសីហា 2021 ដោយចំណាយប្រាក់អស់ប្រហែល 160 លានដុល្លារ។
ក្រៅពីការលើកកម្ពស់មុខមាត់ប្រទេសជាតិ ស៊ីហ្គេមលើកទី 32 ក៏នាំមកនូវផលប្រយោជន៍ចំពោះមុខ និងយូរអង្វែងសម្រាប់កម្ពុជាផងដែរ៕