ក្រសួងហិរញ្ញវត្ថុនៃប្រទេស ថៃ ត្រៀមចេញច្បាប់គ្រប់គ្រង និងចាត់ចែងលើប្រាក់បញ្ញើ ដោយផ្ដល់អំណាចឱ្យក្រសួងហិរញ្ញវត្ថុអាចទាញយកប្រាក់បញ្ញើដែលគ្មានសកម្មភាពលើសពី 10 ឆ្នាំឡើងទៅរបស់ប្រជាជនមកប្រើប្រាស់ឱ្យកើតជាប្រយោជន៍ដល់ប្រព័ន្ធសេដ្ឋកិច្ច។
សារៈសំខាន់របស់ច្បាប់ថ្មីនេះនឹងគ្របដណ្ដប់លើបញ្ជីប្រាក់បញ្ញើ ទាំងលុយបាត និងលុយបរទេសចំពោះតែបញ្ជីគណនីសន្សំ និងបញ្ជីគណនីចរន្តប្រចាំថ្ងៃ ដោយនឹងមានប្រសិទ្ធភាពលើបញ្ជីគណនីណាដែលគ្មានការដក-ដាក់ ឬផ្ទេរប្រាក់សោះក្នុងរយៈពេលលើសជាង 10 ឆ្នាំ ដោយនឹងរាប់ចាប់ពីថ្ងៃទី 1 មករារបស់ឆ្នាំបន្ទាប់ពីថ្ងៃចុងក្រោយដែលបញ្ជីគណនីមានសកម្មភាព និងតាមដានគ្រប់បញ្ជីគណនីដែលគ្មានសកម្មភាពទាំងអស់របស់បុគ្គលធម្មតា និងនីតិបុគ្គល។
ប្រទេសថៃមិនមែនជាប្រទេសដំបូងគេដែលនាំយកច្បាប់គ្រប់គ្រងប្រាក់បញ្ញើនេះមកប្រើនោះទេ មានប្រទេសជាច្រើនក៏បានប្រើប្រាស់ច្បាប់នេះដែរ ដូចជា ប្រទេស អូស្ត្រាលី អង់គ្លេស អៃលែនដ៍ ជប៉ុន ម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក ជាដើម។ល៕
ប្រភព krobkruakao
ប្រែសម្រួលដោយ តាវ៉ែនតា