ថ្វីបើក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ត្រូវបានវាយតម្លៃថាខ្សោយជាង ប៉ុន្តែពួកគេមានការរីកចម្រើនជាងមុន ហើយមានអ្នកគាំទ្រជួយផ្ដល់កម្លាំងចិត្តនៅពេញកីឡដ្ឋាន ដូច្នេះ ក្រុមនារីវៀតណាម ប្រហែលជាត្រូវការប្រឹងប្រែងជាងមុន ក្នុងការប៉ះគ្នានៅព្រលប់ថ្ងៃទី 12 ឧសភានេះ។
ក្រុមនារីកម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម បន្ទាប់ពីបានផ្ដួលឡាវ 2-0, ផ្ដួលសិង្ហបុរី 1-0 និងចាញ់ថៃ 0-3។
ក្រុមនារីកម្ពុជា មកដល់បច្ចុប្បន្នត្រូវបានវាយតម្លៃថា បានរីកចម្រើនជាងមុនឆ្ងាយ នៅពេលមានគ្រូបង្វឹកចិន Gao Fulin ប៉ុន្តែនៅតែមានចំណុចខ្វះខាតច្រើន ក្នុងនោះ នៅពេលជួបគូប្រកួតខ្លាំងៗ ពួកគេចេះតែការពារ និងវាយបកមិនទាន់ស៊ីចង្វាក់គ្នា។
នៅក្នុងបីប្រកួតចុងក្រោយបង្អស់ដែលបានប៉ះក្រុមនារីវៀតណាម ក្រុមកម្ពុជាសុទ្ធតែត្រូវចាញ់។ ប៉ុន្តែ អាចនិយាយបានថា នេះបណ្ដាលមកពី «បទពិសោធន៍របស់កម្ពុជាមានតិចតួចនៅឡើយ» ព្រោះថា ក្រុមបាល់ទាត់នារីកម្ពុជា ទើបតែប្រកួតកម្រិតជម្រើសជាតិចាប់ពីឆ្នាំ 2018 ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់វិញ្ញាសាបាល់ទាត់នារីរបស់ស៊ីហ្គេមលើកទី 32 ដែលនឹងធ្វើឡើងនាវេលាម៉ោង 19 ថ្ងៃទី 12 ឧសភានេះ ការទាត់លើទីលានម្ចាស់ផ្ទះ និងមានអ្នកគាទ្រប្រហែល 30,000 នាក់ចាំជួយលើកទឹកចិត្ត ក្រុមបាល់ទាត់នារីកម្ពុជា ទំនងជាអាចការពារសំណាញ់ទីបានល្អ ហើយអាចពន្យារការប្រកួតឱ្យដល់វគ្គប៉េណាំងទីម្ដងម្នាក់ក៏ថាបាន៕