ក្រុមហ៊ុនរថយន្ត Hyundai កាលពីថ្ងៃទី 11 ឧសភា បានឱ្យដឹងថា នឹងវិនិយោគ 200 ពាន់លានរ៉ូពីឥណ្ឌា (2.45 ពាន់លានដុល្លារអាម៉េរិក) ក្នុងរង្វង់ 10 ឆ្នាំ នៅក្នុងរដ្ឋភាគខាងត្បូងរបស់ប្រទេសឥណ្ឌា ដើម្បីបង្កើនការផលិត និងអភិវឌ្ឍរថយន្តអគ្គិសនីម៉ូដែលថ្មី។
តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Hyundai Motor India ក្រុមហ៊ុន Hyundai នឹងបង្កើតស្ថាប័នមួយដែលទទួលខុសត្រូវក្នុងការដំឡើងថ្មរថយន្តអគ្គិសនីដែលអាចសម្រេចបាន 178,000 គ្រឿងជារៀងរាល់ឆ្នាំ និងដំឡើងស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនីចំនួន 100 កន្លែងនៅទូទាំងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ពួកគេមានគម្រោងបង្កើនសមត្ថភាពផលិតក្នុងស្រុកឱ្យបានដល់ 850,000 គ្រឿងក្នុងមួយឆ្នាំ។
ព័ត៌មានខាងលើលេចឡើងបន្ទាប់ពីប៉ុន្មានសប្ដាហ៍មុន រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា នឹងដំឡើងពន្ធអាករចំពោះរថយន្ត និងម៉ូតូ ក្នុងនោះមានទាំងយានយន្តអគ្គិសនីផងដែរ ដែលនាំចូលពីបរទេស ដើម្បីជំរុញការផលិតក្នុងស្រុក។
វិស័យឧស្សាហកម្មរថយន្តអគ្គិសនីនៅប្រទេសឥណ្ឌា បាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស គ្រាដែលបណ្ដាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក មានដូចជា Tata Motors និង Mahindra & Mahindra ក៏ដូចជាដៃគូអន្តរជាតិ មានដូចជា BYD និង MG Motor ជាដើម នាំគ្នាបញ្ចេញរថយន្តអគ្គិសនីជាបន្តបន្ទាប់។
គិតមកដល់ខែមេសា ឆ្នាំ 2023 ក្រុមហ៊ុន Hyundai ក្ដោបក្ដាប់ទីផ្សាររថយន្តទេសចរណ៍ជិត 15% នៅប្រទេសឥណ្ឌា និងជាប់លេខពីរបន្ទាប់ពី Maruti Suzuki៕