Skip to content

កម្ពុជា​បង្កើត​អនុក្រឹត្យ​សហភាព​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​លើកដំបូង

ភ្នំពេញ៖ ឆ្លើយតប​នឹង​កង្វល់​ក៏​ដួច​ជា​សេចក្តីត្រូវការ​របស់​ស​ហ​គ្រិន និង​អ្នកវិនិយោគ​ក្នុងស្រុក រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្កើត​សេចក្តីព្រាង​អនុក្រឹត្យ​សម្រាប់​បង្កើត​សហភាព​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​សំណូមពរ​របស់​ពួកគេ​ឱ្យបាន​ទាន់ពេលវេលា។

ក្នុង​អង្គប្រជុំ​នៅឯ​ទីស្តីការក្រសួង ក្រុម​ម្ចាស់​សហគ្រាស​នានា​បានបង្ហាញ​ពី​ក្តីកង្វល់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជាច្រើន​ដូចជា​ពន្ធដា​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម ការទទួលស្គាល់​គុណភាព​ទំនិញ និង​ផលិតផល ទំនិញ​ក្លែងបន្លំ​លើ​ទីផ្សារ ការបន្លំ និង​ចម្លង​ម៉ូដ​ហូល ផាមួង សំពត់​សឹង​ខ្មែរ ការបង់​កម្រៃ​សេវា​ដាក់​ស្លាក​ទំនិញ​ពីរដង ការកែច្នៃ និង​ការនាំចេញ​ផ្តៅ ល្ពា​ក់ ឫស្សី និង​ឈើ​ដាំ(អាកាស្យា ប្រេងខ្យល់ និង​កៅស៊ូ )ទៅ​ក្រៅប្រទេស។

ក្រៅពី​ការងារ​ខាងលើ ក្រុម​ម្ចាស់​សហគ្រាស​បានធ្វើការ​ត្អូញត្អែរ​ពី​ការធ្វើ​អធិការកិច្ច​ច្រើនដង​ពេក​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការខ្វះខាត​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ការសម្រួល​បែបបទ​ការនាំចេញ​សម្រាប់​ផលិតផល​ចេញពី​សហគ្រាស​ធុន​តូច និង​មធ្យម ការលំបាក​ក្នុង​ការនាំ​កសិផល​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ដោយ​ខ្លួនឯង ការ​ប្រឈម​ខ្ពស់​ផ្នែក​ទីផ្សារ​ម្រេច​កម្ពុជា​ក្រោយ​ឆ្នាំ2018 ការធ្វើ​ឆៀករថយន្ត​ដឹកទំនិញ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម  ការប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​អាជីវកម្ម​ជាពិសេស​ការសរសេរ Logo ឈ្មោះ​ក្រុមហ៊ុន ឬ​រោងចក្រ​សហគ្រាស​ជាដើម ហើយ​ពួកគេ​បានស្នើ​ឱ្យមាន​ការបង្កើត​សួន​ឧស្សាហកម្ម​និង​សិប្បកម្ម បង្កើត​សហគមន៍​លក់​ផលិតផល​កសិកម្ម​នៅតាម​បណ្តា​ខេត្ត​នានា ការទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ការផ្គត់ផ្គង់​វិស័យ​ទឹកស្អាត ព​ន្លឿ​ន​ការចេញ​លិខិតបញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ សម្រាប់​ផលិតផល​កែច្នៃ សម្រួល​បែបបទ​ការផ្សព្វផ្សាយ​ផលិតផល​ម្រុំ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា-និង​ការ​នៅ​បែកខ្ញែក​គ្នា​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ជាដើម ។

ដោយឡែក​សេចក្តីព្រាង​អនុក្រឹត្យ បង្កើត​សហភាព​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ត្រូវបាន​ឯកឧត្តម គឹម ទូច​អាន ជូន​ដល់​អង្គពិធី និង​ស្នើឱ្យ​ពិនិត្យ និង​ពិចារណា​ក្នុងការ​កែសម្រួល និង​ផ្តល់​ធាតុ​ចូលក្នុង​រយៈពេល​មួយខែ​ក្រោយ ដើម្បីឱ្យ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ អនុវត្តបាន​ប្រកបដោយ​ភាពរលូន និង​ប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *