ភ្នំពេញ – ខណៈកម្ពុជាបាននិងកំពុងគាំទ្រយុទ្ធសាស្ដ្រនៃប្រទេសចិនខ្សែក្រវាត់ ឬខ្សែក្រវាត់មួយ ផ្លូវមួយដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) នៃសាធារណរដ្ឋប្រជាមានិតចិន ក៏មានការលើកជាចម្ងល់ឡើងដែរថា តើគោលនយោបាយនេះបានផ្ដល់សារៈសំខាន់អ្វីខ្លះដល់កម្ពុជា?
ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ2017ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាល្លឺម៉ង់-អូស្ត្រាលី សហការជាមួយរដ្ឋាភិបាលអូស្ត្រាលី ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសារៈសំខាន់នៃកិច្ចផ្ដួចផ្ដើមផ្លូវ និង គំនិតផ្ដួចផ្ដើមនៃការបង្កើតខ្សែក្រវាត់ ឬខ្សែក្រវាត់មួយ ផ្លូវមួយនេះ ព្រោះវាមិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេសពាក់ព័ន្ធប៉ុណ្ណោះទេ តែនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យរួមមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។តាមរយៈគំនិតផ្ដួចផ្ដើមកម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចពង្រឹងសហប្រតិបត្តិការ និងវិនិយោគលើវិស័យឧស្សាហកម្ម នៅថ្ងៃទី15 ខែតុលា ឆ្នាំ2015 នៅទីក្រុងប៉េកាំង។
ពាណិជ្ជកម្មមួយចំនួនដែលកម្ពុជាទទួលបានតាមរយៈគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់នេះ មានដូចខាងក្រោម៖
1) ការវិនិយោគរួមរវាងក្រុមហ៊ុន China Huanneng Group របស់ចិនជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ដើម្បីសាងសង់រោងចក្រវារីអគ្គិសនីទំហំ400MW នៅទន្លេសេសានក្រោម ដែលនឹងក្លាយជារោងចក្រវារីអគ្គិសនីធំជាងគេនៅកម្ពុជា ដោយមានទុនវិនិយោគប្រមាណ 900 លានដុល្លារអាមេរិក។
2) ការវិនិយោគប្រមាណ 1,4 ប៊ីលានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រវារីអគ្គិសនីទំហំ246MW នៅស្ទឹងតាតៃ ដែលនឹងមានសមត្ថភាពចែកចាយអគ្គិសនីចំនួន30 ភាគរយនៃអគ្គិសនីត្រូវការសរុប។
3) វិនិយោគលើគម្រោងផ្លូវចំនួន16 ខ្សែក្រោមតម្លៃសរុប1,6 ប៊ីលានដុល្លារអាមេរិក។
4) វិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនៅទីក្រុងសៀមរាប ដែលមានតម្លៃ880 លានដុល្លារអាមេរិក។
5) ចិនទទួលទិញអង្ករពីកម្ពុជាប្រមាណ 300,000 តោនក្នុងឆ្នាំ2018
យុទ្ធសាស្ដ្រខ្សែក្រវាត់ ឬខ្សែក្រវាត់មួយ ផ្លូវមួយ (Road and Belt Initiative or One Belt One Road) ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) នៃសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ២០១៣ ដែលមានគោលបំណងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដើម្បីតភ្ជាប់ទ្វីបអាស៊ី ជាមួយអឺរ៉ុប និងអាហ្វ្រិក តាមផ្លូវពាណិជ្ជកម្មសូត្រពីជំនាន់មុន៕