នៅព្រលប់ថ្ងៃទី 10 ឧសភានេះ ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U22) របស់កម្ពុជា នឹងត្រូវប្រកួតជាមួយ U22 ឥណ្ឌូណេស៊ី។
U22 កម្ពុជា បានចាប់ផ្ដើមយ៉ាងល្អនៅស៊ីហ្គេមលើកនេះ ដោយបានផ្ដួល U22 ទីម័រខាងកើត 4-0។ ប៉ុន្តែ ការប្រកួតដែលមានលទ្ធផលស្មើជាមួយហ្វ៊ីលីពីន និងចាញ់មីយ៉ាន់ម៉ា បានរុញច្រាន U22 កម្ពុជាឱ្យធ្លាក់ក្នុងស្ថានភាពលំបាក។
នៅក្នុងជើងចុងក្រោយរបស់វគ្គចែកពូលនៅក្រុម A នាព្រលប់នេះ U22 កម្ពុជាត្រូវតែឈ្នះ U22 ឥណ្ឌូណេស៊ី ដើម្បីបន្តក្ដីសង្ឃឹមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ បញ្ហានៅត្រង់ថា U22 កម្ពុជាមិនមានសិទ្ធិសម្រេចនៅទេនៅពេលនេះ។ សូម្បីតែនៅក្នុងករណីផ្ដួលឥណ្ឌូណេស៊ីបានសម្រេច ក៏ U22 កម្ពុជាត្រូវរង់ចាំមើលថាតើ មីយ៉ាន់ម៉ាបរាជ័យនៅក្នុងម៉ោងដូចគ្នានេះ ឬអត់។
ទោះជាយ៉ាងណាក៏ដោយ ឱកាសសម្រាប់ U22 កម្ពុជាយកឈ្នះលើ U22 ឥណ្ឌូណេស៊ី ក៏ខ្ពស់គួរសម ព្រោះថា U22 ឥណ្ឌូណេស៊ីទំនងជានឹងប្រើប្រាស់ក្រុមកីឡាករបម្រុងក្នុងពេលប៉ះកម្ពុជា ដើម្បីរក្សាកម្លាំងរបស់ក្រុមជើងខ្លាំងសម្រាប់ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាទីដែល U22 ឥណ្ឌូណេស៊ីត្រូវប៉ះ U22 ថៃ ឬ U22 វៀតណាម។
តាមការគ្រោងទុកដំបូង ការប្រកួតរវាង U22 មីយ៉ាន់ម៉ា និង U22 ហ្វ៊ីលីពីន នឹងត្រូវធ្វើឡើងនៅវេលាម៉ោង 16 ថ្ងៃទី 10 ឧសភា ប៉ុន្តែ គណៈកម្មការរៀបចំស៊ីហ្គេមលើកទី 32 បានប្ដូរកាលវិភាគនៃការប្រកួតនេះពីម៉ោង 16 ទៅម៉ោង 19 វិញ។