ការប្រកួតជើងចុងក្រោយបង្អស់របស់ពូល A ដែលនឹងធ្វើឡើងនៅព្រលប់ថ្ងៃទី 10 ឧសភា នេះ គឺជាការប៉ះគ្នារបស់ U-22 មីយ៉ាន់ម៉ា និង U-22 ហ្វ៊ីលីពីន។
U-22 មីយ៉ាន់ម៉ា កំពុងមានឱកាសធំក្នុងការដណ្ដើមយកសំបុត្រឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 ក្រោយពីបានយកឈ្នះលើ U-22 កម្ពុជា។ បើសិនជាបានឈ្នះ U-22 ហ្វ៊ីលីពីននៅក្នុងការប្រកួតជើងចុងក្រោយបង្អស់របស់ពូល A នៅព្រលប់នេះ U-22 មីយ៉ាន់ម៉ា នឹងមានសិទ្ធិសម្រេចវាសនាមួយកម្រិតទៀត។
U-22 មីយ៉ាន់ម៉ា មានប្រៀបជាងគូប្រកួត ដោយសារថា U-22 ហ្វ៊ីលីពីន ត្រូវបានជម្រុះរួចហើយ និងមិនមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក៏ប៉ុន្តែ U-22 មីយ៉ាន់ម៉ា ក៏ត្រូវតែប្រុងប្រយ័ត្ន បើសិនមិនចង់បាក់មុខ។
U-22 ហ្វ៊ីលីពីន បើទោះជាត្រូវបានជម្រុះហើយក្ដី ប៉ុន្តែពួកគេក៏ចង់ដណ្ដើមបានជ័យជម្នះលើ U-22 មីយ៉ាន់ម៉ា ដើម្បីជាការលើកទឹកចិត្តខ្លួនឯង ក៏ដូចជាធ្វើឱ្យអ្នកគាំទ្របានរីករាយបន្តិច មុននឹងត្រលប់ទៅកាន់ប្រទេស។
ស្ថិតិចុងក្រោយបានបង្ហាញថា U-22 ហ្វ៊ីលីពីន រកបានតែមួយគ្រាប់គត់ ក្រោយបីប្រកួតដំបូងនៅស៊ីហ្គេមលើកនេះ។ នៅក្នុងការប៉ះគ្នាថ្មីៗនេះ U-22 មីយ៉ាន់ម៉ា បានផ្ដួល U-22 ហ្វ៊ីលីពីន ដោយលទ្ធផល 5-1។
ការប្រកួតជើងចុងក្រោយបង្អស់របស់ពូល A រវាង U-22 មីយ៉ាន់ម៉ា និង U-22 ហ្វ៊ីលីពីន នឹងធ្វើឡើងនៅវេលាម៉ោង 19 ថ្ងៃទី 10 ឧសភា 2023 នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
នៅក្នុងការប៉ះគ្នានេះ Admin យល់ថា U-22 មីយ៉ាន់ម៉ា នឹងឈ្នះ U-22 ហ្វ៊ីលីពីន ក្នុងលទ្ធផល 2-1៕