មួយរយៈចុងក្រោយថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរថយន្តប្រណីតសេរ៊ីថ្មី Land Cruiser 2017 ដែលមានតម្លៃជិត 20 ម៉ឺនដុល្លារសហរដ្ឋអាមេរិកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះក៏បានប៉ះសម្ដីរិះគន់ជាមួយអ្នកលេងហ្វេសប៊ុក ដែលលោកបានចាត់ទុកពួកគេថា ជាអ្នកតាមដានជីវិតឯកជនរបស់លោក ។
ដោយឡែកប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា អ្នកនិយមតាមដានរឿង សុគន្ធ ថេរ៉ាយុ បានបង្ហោះសារឌឺដងគ្នាមួយចំនួនពីរនាក់តែម្ដង ដែលត្រូវបានគេស្គាល់ថា ជាហ្វេសប៊ុកដែលមានឈ្មោះថា Yura Kun និងឈ្មោះ PuthyPrak បានសរសេរសារក្នុងន័យតែមួយទាំងពីរនាក់តែម្ដងថា “Land Cruiser 08 ឡើង 017 តម្លៃយ៉ាងច្រើន 7ម៉ឺនដុល្លារ ហើយថា តម្លៃជិត20ម៉ឺនដុល្លារ អីណា!” ។ ភ្លាមៗ តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានថតស្គ្រីន យករូបភាពរបស់គណនីទាំងពីរបង្ហោះព្រមទាំងតសម្ដីថា “អរគុណដល់លោកកូនអ្នកមាន ដែលបានតាមដានជីវិតឯកជនរបស់ខ្ញុំ ខ្ញុំអត់លុយទិញឡានរាប់សិបម៉ឺនដូចលោកទេ ចាំបាច់អីមកខ្វល់ពីជីវិតខ្ញុំ…រស់ដូចជីវិតខ្លួនឯងដោយស្រួលទៅវាថី?” ។
គួរបញ្ជាក់ផងដែរថា មិនបានប៉ុន្មាននាទីផង គណនីហ្វេសប៊ុកទាំងពីរខាងលើ បានចូលទៅ Comment ក្នុងព័ត៌មានដែលខ្លួនបានស៊ែរ ដោយបញ្ជាក់ប្រាប់ទៅតារារូបនេះវិញថា “ខ្ញុំហ៊ានស្បថ ខ្ញុំមិនបាននិយាយពីលោកទេ គឺគ្រាន់តែស៊ែរព័ត៌មានពីគេប៉ុណ្ណោះ” ។ ក្នុង Comment នោះ បន្ទាប់មកគេសង្គេតឃើញថា តារាចម្រៀងដែលយីអ៊ុនខ្ពស់នេះបានតបទៅវិញថា “បើអ៊ីចឹងល្អហើយ យើងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេ ខ្ញុំរស់ដោយជីវិតខ្ញុំ លោករស់ដោយជីវិតលោក កុំប៉ះពាល់គ្នា” ។
ជាចុងក្រោយ ដោយក្ដីមិនសូវសប្បាយចិត្ត តារាចម្រៀងរូបនេះ ក៏បានបញ្ចេញសារថ្មីមួយទៀតថា ” មួយរយះនេះសម្បូរឆ្កែឆ្មាតាមខាំណាស់ អាណិតគ្នាដែរ ហេតុតែគ្នាច្រណែន ចង់ប្រាប់ថា បើមនុស្សមានខួរគិត គេអត់គិតគំនិតចេញមកដូចអ្នកឯងទេ មានតែខួរប្រឡាក់លាមកដូចអ្នកឯងទេដែលគិតចេញមកបែបនេះ ឃើញគេមានជួយអរគេទៅ ច្រណែនគេក៏គ្មានបានអីដែរ បានតែក្តៅក្រហាយអត់ប្រយោជន៍ទេអាក្អូន ខំប្រឹងតែខ្លួនឯងឱ្យល្អទៅ ជីវិតរបស់គេជាសិទ្ធិគេ ជីវិតអ្នកជាសិទ្ធិរបស់អ្នក កុំលូកលាន់គ្នា បើមិនពេញចិត្តទេកុំមើល អូសចោលទៅមិនបាច់ខំប្រឹង share & comment នាំតែខាតពេល និងអស់ថ្លៃ internet ទេ ចង់ប្រាប់ថា អត់បានឈឺក្បាលជាមួយទេ កុំខំប្រឹងធ្វើអ៊ីចឹងអី”៕