គូប្រកួតនានានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់នារីរបស់ស៊ីហ្គេមលើកនេះ បានបង្ហាញខ្លួនជាផ្លូវការហើយ បន្ទាប់ពីការប្រកួតកាលពីថ្ងៃទី 09 ឧសភា ក្នុងនោះ កម្ពុជានឹងត្រូវប៉ះវៀតណាម។
ក្រោយពីវគ្គចែកពូលនៃវិញ្ញាសាបាល់ទាត់នារីរបស់ស៊ីហ្គេមលើកទី 32 ត្រូវបានបញ្ចប់ ក្រុមបាល់ទាត់ពីរគូដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ត្រូវបានកំណត់រួចហើយដែរ។ យោងតាមលក្ខន្តិក ក្រុមកម្ពុជាដែលជាប់លេខពីរនៅពូល B នឹងត្រូវប្រកួតជាមួយវៀតណាមដែលជាក្រុមជាប់លេខមួយនៅពូល A នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកក្រុមថៃដែលជាប់លេខមួយនៅពូល B នឹងត្រូវប្រកួតជាមួយក្រុមមីយ៉ាន់ម៉ាដែលជាប់លេខពីរនៅពូល A នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតទាំងពីរគូខាងលើនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី 12 ឧសភាខាងមុខ។
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងនៅស៊ីហ្គេម និងបានលឿនជាងមួយជើង។ នេះគឺជាប្រវត្តិសាស្ត្រដ៏លេចធ្លោរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិរបស់កម្ពុជា។
នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ទោះជាមានសង្ឃឹមតិចតួចក៏ដោយ តែបើសិនឈ្នះក្រុមវៀតណាម ដែលជាម្ចាស់ជើងឯកស៊ីហ្គេម ក្រុមកម្ពុជានឹងមានភាគរយខ្ពស់ដែលត្រូវប៉ះថៃនៅវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងករណីចាញ់ ក្រុមកម្ពុជានឹងនៅមានឱកាសក្នុងការដណ្ដើមមេដាយសំរឹទ្ធ។