
រដូវប្រមូលផលស្រូវផ្កាម្លិះក្នុងឆ្នាំនេះបានចូលមកដល់ជាមួយតម្លៃស្រូវខ្ពស់ជាងឆ្នាំមុន ស្របពេលការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានសន្ទុះវិជ្ជមាន ដោយកើនឡើងទាំងតម្លៃ និងបរិមាណដែលបង្កើតជាក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់ប្រជាកសិករខ្មែរ។
ម្ចាស់រោងម៉ាស៊ីនដែលមានមូលដ្ឋាននៅខេត្តភាគពាយព្យបានកត់សម្គាល់ថា ស្រូវផ្កាម្លិះបានចាប់ផ្តើមជាមួយតម្លៃប្រសើរជាងរដូវកាលមុន ព្រោះតម្លៃស្រូវសើមបានចាប់ផ្តើមជិត1,200រៀលក្នុង1គីឡូក្រាម ខណៈរោងម៉ាស៊ីនជាច្រើនបានត្រៀមខ្លួនទិញស្រូវផ្កាម្លិះសម្រាប់កិនកែច្នៃ ដើម្បីបម្រើដល់ទីផ្សារនាំចេញ និងលក់ចែកចាយក្នុងស្រុក។
នាយកក្រុមហ៊ុនថ្មគោល រ៉ាយស៍ នៅខេត្តបាត់ដំបង លោក ហេង ផេង បានប្រាប់ទៀតថា ការប្រមូលផលស្រូវផ្កាម្លិះនឹងមានភាពមមាញឹកខ្លាំងនាពាក់កណ្តាលខែវិច្ឆិកា។ ការប្រមូលទិញស្រូវផ្កាម្លិះត្រូវបានគេធ្វើឡើងតាមរូបភាពជាច្រើន ដោយម្ចាស់រោងម៉ាស៊ីនខ្លះចុះទៅទិញដោយផ្ទាល់ ខ្លះពឹងឈ្មួញកណ្តាលឱ្យដឹកមកដល់រោងម៉ាស៊ីន ហើយក៏មានកសិករខ្លះដឹកមកលក់ដល់រោងម៉ាស៊ីនដោយផ្ទាល់ដែរ ដោយអ្នកដែលមានរថយន្តដឹកដោយខ្លួនឯងអាចបង្កើតប្រាក់ចំណេញបានច្រើនជាងអ្នកដែលពឹងផ្អែកលើឈ្មួញកណ្តាល។

លោក ហេង ផេង បានអះអាងថា៖“អ្នកមានរថយន្តដឹកខ្លួនឯង គេងាយលុកលុយទៅទិញដល់ទីតាំងច្រកល្ហកផ្សេងៗ នៅពេលដែលមានអ្នកផ្តល់ដំណឹង។ បើគេពឹងឈ្មួញកណ្តាល ឈ្មួញកណ្តាលបានចំណេញលើការដឹកជញ្ជូន និងចំណេញលើក្បាលកាក់បន្ថែមទៀត។ លោក រុន ចាន់ណយ ម្ចាស់រោងម៉ាស៊ីននៅខេត្តបន្ទាយមានជ័យ ក៏បានអះអាងពីការកើនឡើងតម្លៃស្រូវនៅក្នុងឆ្នាំនេះផងដែរ។ ចំណែក លោក ហ៊ុល ខ្លែម ប្រធានសហគមន៍កសិកម្ម សង្ហាផល នៅខេត្តបាត់ដំបង បាននិយាយថា នៅសហគមន៍របស់លោកមិនទាន់ប្រមូលផលស្រូវផ្កាម្លិះទេ គឺរហូតដល់ចុងសប្តាហ៍ទី1នៃខែវិច្ឆិកាទើបការប្រមូលផលចាប់ផ្តើម។ តម្លៃស្រូវដែលចាប់ផ្តើមឡើងជាង1,000រៀលក្នុង1គីឡូក្រាម នេះគឺជាតម្លៃដែលកសិករអាចទទួលយកបាន។ លោកបន្តថា តម្លៃស្រូវផ្កាម្លិះ ឬផ្ការំដួលនេះ បានហក់ឡើងរហូតដល់ 1,500-1,600រៀលក្នុង1គីឡូក្រាម កាលពីប៉ុន្មានឆ្នាំមុន តែក្រោយមកវាបានធ្លាក់ចុះរហូត។
លោក ហ៊ុន ខ្លែម បានថ្លែងថា៖“ខ្ញុំឆ្ងល់ណាស់ កម្ពុជាឮថាខ្វះអង្ករសម្រាប់នាំចេញរហូត តែដល់ពេលកសិករប្រមូលផល បែរជាតម្លៃធ្លាក់ចុះ ហើយអ្នកខ្លះបង្អង់មិនទិញដោយរង់ចាំឱ្យស្រូវធ្លាក់គុណភាពទើបនាំគ្នាទិញ។ ស្រូវនៅកម្ពុជាយើងតិចណាស់ហេតុអ្វីគេវាយតម្លៃតួលេខនេះមិនត្រូវ?។ តួលេខនាំចេញអង្ករបានបង្ហាញពីការងើបឡើងច្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល9ខែកន្លងទៅដោយមានកំណើនរហូតជិត17% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញអង្កររយៈពេល9ខែឆ្នាំ2017 នេះមានបរិមាណជាង42ម៉ឺនតោន ខណៈបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមជាង 36ម៉ឺនតោនប៉ុណ្ណោះ៕
