ការប្រកួតរវាង ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា និងថៃ សម្រាប់ថ្ងៃទី 09 ឧសភានេះ នឹងធ្វើឡើងនៅម៉ោង 20 យប់ ដើម្បីដណ្ដើមតំណែងកំពូលតារាង B នៃវិញ្ញាសាបាល់ទាត់នារីនៅស៊ីហ្គេមលើកទី 32។
ក្រុមបាល់ទាត់នារីកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅពេលបានផ្ដួលក្រុមសិង្ហបុរីដោយលទ្ធផល 1-0 នៅក្នុងការប្រកួតកន្លងទៅថ្មីៗនេះនៅស៊ីហ្គេមលើកទី 32 និងដណ្ដើមបានសំបុត្រចូលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះទើបតែជាលើកទីពីរប៉ុណ្ណោះដែលក្រុមបាល់ទាត់នារីកម្ពុជាបានចូលរួមប្រកួតនៅស៊ីហ្គេម ប៉ុន្តែ ពួកគេបានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយមុននោះក៏បានឈ្នះឡាវ 2-0 នៅក្នុងការប្រកួតបើកឆាក។
កាលពីប្រាំឆ្នាំមុន ក្រុមបាល់ទាត់នារីកម្ពុជាធ្លាប់បានចាញ់ថៃ 0-11 នៅ AFF Cup 2018 ប៉ុន្តែបច្ចុប្បន្ន គម្លាតនៃកម្លាំងរបស់ក្រុមទាំងពីរនេះកំពុងត្រូវបានកាត់បន្ថយ។ ពេលនេះ ក្រុមបាល់ទាត់នារីកម្ពុជា និងថៃនឹងត្រូវប្រកួតជាមួយគ្នាដើម្បីដណ្ដើមយកតំណែងកំពូលតារាង B។
គេឃើញថា ពេលនេះ ថៃកំពុងមានប្រៀបជាងកម្ពុជា ដោយសារបានឈ្នះគូប្រកួតពីរក្រុមនៅពូល B ដែលរកបានគ្រាប់បាល់សរុប 10-0 ខណៈដែលកម្ពុជា ទើបតែឈ្នះសរុបបាន 3-0។
ក៏ប៉ុន្តែ ការប្រកួតជាក់ស្ដែងអាចមានភាពខុសគ្នាខ្លះ។ ការទាត់នៅលើទីលានម្ចាស់ផ្ទះគឺជាការមានប្រៀបមួយសម្រាប់កម្ពុជា។ ពិសេសជាងនេះ កម្លាំងកាយរបស់ក្រុមបាល់ទាត់នារីកម្ពុជា ក៏ត្រូវបានវាយតម្លៃថា មិនអន់ប៉ុន្មានឡើយធៀបនឹងក្រុមថៃ។ កម្លាំងចិត្តដ៏ពុះកញ្ជ្រោលបន្ទាប់ពីបានបង្កើតប្រវត្តិសាស្ត្រថ្មីនៅស៊ីហ្គេម ក៏នឹងអាចជួយឱ្យក្រុមបាល់ទាត់នារីកម្ពុជា បង្កការភ្ញាក់ផ្អើលបន្តទៀតនៅយប់នេះ។