គម្រោងស្ពានបង្ហូរទឹកពីទន្លេ Yangtze ទៅកាន់ទន្លេ Huaihe ដែលមានកម្មករ 20,000 នាក់ សាងសង់ក្នុងរយៈពេល 6 ឆ្នាំ នាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់មនុស្ស និងប្រព័ន្ធជីវចម្រុះ។
«សួស្ដីគ្រប់គ្នា ខ្ញុំឈ្មោះ Wendy មកពីប្រទេសគុយបា។ ដូចដែលគ្រប់គ្នាបានឃើញ មានទន្លេមួយនៅក្បែរខ្ញុំ ហើយនៅក្រោមជើងខ្ញុំក៏មានទន្លេមួយដែរ ដែលដូចទៅនឹងស្ពានអាកាសឆ្លងផ្លូវទឹក» Wendy ដែលជានិស្សិតគុយបា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Hefei (Hefei University of Technology) នៅប្រទេសចិន ណែនាំអំពីមហាគម្រោងស្ពានបង្ហូរទឹកប្រវែងជាង 700 គីឡូម៉ែទ្រនៅប្រទេសចិន។
«ទិដ្ឋភាពដ៏អស្ចារ្យនេះបង្កើតឡើងដោយស្ពាននាំទឹកដ៏វែងមួយ ហើយក៏ជាកន្លែងដែលខ្ញុំកំពុងឈរ។ ស្ពានបង្ហូរទឹកនេះមានចន្លោះសសរវែងបំផុត ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធប្រភេទនេះនៅលើពិភពលោក និងដើរតួនាទីសំខាន់នៅក្នុងគម្រោងបង្ហូរទឹក ដែលមានគោលដៅផ្លាស់ទិសរបស់លំហូរទឹកទន្លេ Yangtze ទៅកាន់ទន្លេ Huaihe»។
«គម្រោងប្ដូរទិសទឹកទន្លេនេះ បានចាប់ផ្ដើមដំណើរការសាកល្បងកាលពីចុងឆ្នាំកន្លង បន្ទាប់ពីការសាងសង់អស់រយៈពេល 6 ឆ្នាំ ដែលប្រើប្រាស់កម្មករជាង 20,000 នាក់»។
ដោយមានប្រវែង 723 គីឡូម៉ែត្រ គម្រោងនេះផ្គត់ផ្គង់ទឹកដល់ទីក្រុងចំនួន 15 នៅក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន និងខេត្ត Henan ភាគកណ្ដាលប្រទេសចិន នាំមកនូវផលប្រយោជន៍ដល់មនុស្សជាង 50 លាននាក់។
ក្រៅពីការផ្គត់ផ្គង់ទឹក និងអភិវឌ្ឍវិស័យដឹកជញ្ជូន គម្រោងនេះក៏បម្រើដល់ការស្រោចស្រពដំណាំ និងជួយស្ដារបរិស្ថានរបស់ទន្លេ Huaihe និងបឹង Chaohu។
យោងតាមលោក Zhang Jianjin ដែលជាវិស្វករនៃគម្រោងខាងលើ ស្ពានដែកនេះគឺជាផ្លូវផ្គត់ផ្គង់ទឹកសំខាន់ជាងគេសម្រាប់ទីក្រុង Hefei និង Lu’an ក្នុងខេត្ត Anhui។ ស្ពាននេះមានកម្ពស់ជាង 30 ម៉ែត្រ ធៀបទៅនឹងព្រែករបស់មហាគម្រោងបង្ហូរទឹកនេះ។ ចន្លោះរវាងសសរប្រវែង 110 ម៉ែត្ររបស់ស្ពាននេះ គឺវែងជាង 3.8 ម៉ែត្រ ធៀបនឹងចន្លោះសសររបស់ស្ពានទឹក Magdeburg (Magdeburg Water Bridge) ទៅទៀត។ ស្ពាននេះមានចន្លោះសសរវែងជាងគេបង្អស់ធៀបនឹងហេដ្ឋារចនាសម្ព័ន្ធប្រភេទនេះនៅលើពិភពលោក។
មហាគម្រោងស្ពានបង្ហូរទឹកប្រវែងជាង 700 គីឡូម៉ែទ្រនៅប្រទេសចិន
ស្ពានបង្ហូរទឹកទន្លេខាងលើមានស្ថានីយបូមទឹកធំជាងគេនៅអាស៊ី ដោយធ្វើឱ្យស្ពានទឹកនេះមានលំហូរសរុប 340 ម៉ែត្រគូប/វិនាទី។ ស្ពាននេះក៏យកចិត្តទុកដាក់លើបរិស្ថានដែលពាក់ព័ន្ធផងដែរ៕