វាជារឿងមួយសំណាងណាស់ ប្រសិនបើស្បែករបស់អ្នកមិនដែលបន្សល់ទុកនូវស្លាកស្នាមបន្ទាប់ពីកើតមុនរួច ប៉ុន្តែសំណាងនេះមិនកើតមានចំពោះមនុស្សស្រីភាគច្រើននោះទេ ហេតុដូច្នេះហើយបានជាពួកគាត់តែងតែខិតខំធ្វើគ្រប់មធ្យោបាយ ដើម្បីការពារកុំឱ្យកើតមុន ក៏ដូចជាខិតខំប្រើប្រាស់ផលិតផលជាច្រើនប្រភេទទាំងផលិតផលបែបធម្មជាតិ និងលាយជាតិគីមី ដើម្បីបំបាត់ចោលនូវរាល់ស្លាកស្នាមដែលនឹងកើតមានឡើងបន្ទាប់ពីកើតមុនរួច។
ស្លាកស្នាមអាចកើតមាននៅលើស្បែក ដោយសារតែវាជារឿងធម្មតាដែលតែងតែកើតឡើង ឬអាចបណ្តាលមកពីការព្យាបាលដែលមិនត្រឹមត្រូវ រហូតបណ្តាលឱ្យក្លាយជាស្លាកស្នាម។ស្នាមដែលកើតមានបន្ទាប់ពីកើតមុនរួចនេះបណ្តាលមកពីការបំផ្លាញនៃស្រទាប់ស្បែក។
ស្នាមដែលបន្សល់ទុកក្រោយកើតមុនជាទូទៅតែងតែកើតមាននៅលើមុខ ខ្នង ស្មា និងផ្នែកផ្សេងទៀតនៃរាងកាយ។ ស្នាមទាំងនេះត្រូវបានចែកចេញជាពីរប្រភេទគឺ ស្នាមសើៗលើស្បែកនិងស្នាមដែលចូលជ្រៅទៅក្នុងសាច់។ ស្នាមសើៗនៅលើស្បែកជាស្នាមតូចៗដែលអាចមើលឃើញតាមរយៈការឆ្លុះកញ្ចក់ពិនិត្យមើល ហើយការព្យាបាលក៏មានប្រសិទ្ធភាពខ្ពស់ដែរ ប៉ុន្តែប្រសិនបើវាជាស្នាមជ្រៅវិញនោះ(ស្នាមធំខូងជ្រៅទៅក្នុងស្បែក) វាមានការពិបាកក្នុងការព្យាបាល ឬអាចនឹងព្យាបាលមិនបាត់តែម្តង ប្រសិនបើអ្នកមិនរួសរាន់ក្នុងការព្យាបាលវាទេនោះ។
ការព្យាបាលតាមបែបគីមី ៖ ការព្យាបាលបែបនេះភាគច្រើនត្រូវបានយកមកអនុវត្តសម្រាប់អ្នកដែលមានស្នាមជ្រៅ (ទទួលបានលទ្ធផលល្អច្រើន) ហើយរយៈពេលនៃការព្យាបាលគឺអាស្រ័យលើទំហំ និងជម្រៅនៃស្លាកស្នាម។ ប្រសិនបើអ្នកចង់ទទួលការព្យាបាលតាមបែបគីមីដែរនោះ អ្នកគួរតែស្វែងរកអ្នកដែលមានជំនាញច្បាស់លាស់ក្នុងការព្យាបាលទើបជាការប្រសើរ។
ការព្យាបាលដោយឡាស៊ែរ ៖ នេះក៏ជាវិធីព្យាបាលមួយទៀតដែលតែងតែផ្តល់នូវប្រសិទ្ធភាពសម្រាប់អ្នកដែលមានបញ្ហាស្នាមគ្រប់ប្រភេទ ជាពិសេសស្នាមធំៗ ឬខូងចូលជ្រៅទៅក្នុងសាច់ជាដើម។
ការព្យាបាលដោយផលិតផលកម្ចាត់ស្នាម ៖ វាអាចមិនមានប្រសិទ្ធភាពលឿនដូចការព្យាបាលដោយគីមី ឬដោយឡាស៊ែរនោះទេ ប៉ុន្តែវាមានភាពងាយស្រួល ហើយសូមកុំបារម្ភខ្លាំងពេកអីព្រោះបច្ចុប្បន្ននេះមានផលិតផលខ្លះមានសមត្ថភាពខ្ពស់ណាស់ ក្នុងការជួយព្យាបាលបញ្ហាស្នាមហើយក៏មិនប្រើពេលវេលាយូរពេកនោះដែរ។
ព្យាបាលតាមបែបធម្មជាតិ ៖ ភាគច្រើនការព្យាបាលស្នាមដែលកើតមានបន្ទាប់ពីកើតមុនរួចតាមវិធីធម្មជាតិត្រូវបានគេអនុវត្តនៅពេលវាទើបតែកើតថ្មីៗ ហើយជាស្នាមដែលមានទ្រង់ទ្រាយតូច។ មិនពិបាកណាស់ណាទេ បើអ្នកចង់ព្យាបាលដោយវិធីធម្មជាតិ ដោយធ្វើតាមដំណាក់កាលមួយចំនួនដូចជា លាងសម្អាតមុខឱ្យស្អាត ជូតមុខឱ្យស្ងួត រួចយកសំឡីមួយដុំតូចជ្រលក់ក្នុងទឹកក្រូចឆ្មារដែលមានលាយជាមួយទឹកបន្តិច មកជូតពីលើស្បែកត្រង់កន្លែងដែលមានស្នាម រួចទុកចោល15នាទី ឬពេញមួយយប់ក៏បាន បន្ទាប់មកសឹមលាងសម្អាតចេញជាការស្រេច។ វិធីនេះអាចប្រើពេលវេលាយូរបន្តិចហើយ តែទទួលបានលទ្ធផលជាទីពេញចិត្តបន្ទាប់ពីព្យាបាលរួច៕