ខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុម Chelsea បានធ្វើឲ្យលោក Jose Mourinho រងបរាជ័យយ៉ាងខកចិត្តមួយផ្សេងទៀតនៅពេលប្រកួតជាមួយនឹងអតីតក្លិបរបស់លោក ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានកត់ត្រាជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល 1-០ លើក្រុម Manchester United កាលពីថ្ងៃអាទិត្យ។
Morata បានបង្ហាញពីទម្រង់លេងយ៉ាងល្អ សម្រាប់ក្រុមរបស់លោក Antonio Conte ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះបានតែតបាល់បញ្ចូលទីយ៉ាងល្អឥតខ្ចោះនៅដើមតង់ទី2 នាកីឡដ្ឋាន Stamford Bridge។ ក្រោយពីបានរងបរាជ័យពីរលើកនៅលើទឹកដីក្រុម Chelsea ក្នុងរដូវកាលទី1របស់លោកក្នុងនាមជាគ្រូបង្វឹករបស់ Man United លោក Mourinho ដែលបានឈ្នះពានកំពូលអង់គ្លេស3លើកក្នុងពេលដឹកនាំក្រុម Chelsea 2លើកនោះ កំពុងតែស៊ាំនឹងការខកចិត្តដោយការចាកចេញពីទីក្រុងឡុងដ៍ប៉ែកខាងលិចនេះដោយគ្មានអ្វីសោះក្នុងដៃ។ នេះគឺជាការខកចិត្តដ៏ធំមួយសម្រាប់លោក Mourinho ខណៈដែលការរងបរាជ័យជាលើកទី2ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League 3លើកចុងក្រោយរបស់ពួកគេ ធ្វើឲ្យក្រុមឈរលេខ2 Man United ដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City រហូតដល់ទៅ8ពិន្ទុ។ ស្របពេលជាមួយគ្នានេះ លោក Antonio Conte ក៏បានបង្កើតជម្លោះកាន់តែខ្លាំងជាមួយនឹងលោក Mourinho ក្រោយពីបានព្រងើយកន្តើយនឹងការចាប់ដៃជាមួយនឹងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ តាមរយៈការធ្វើជារត់ទៅអបអរជាមួយនឹងកីឡាកររបស់លោក និងអ្នកគាំទ្រនៅលើទីលានទៅវិញ។
នៅពេលដែលត្រូវបានចោទសួរពីការមិនចាប់ដៃនេះ លោក Conte បានបង្ហើបថា ការមិនផ្តល់ការគោរពរបស់លោកទៅកាន់ Mourinho គឺជាហេតុផលនៃការមិនចាប់ដៃរបស់លោក៕
ប្រភពពី៖ Sport24