មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅទីតាំងចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិបុរស និងនារីកម្ពុជា នៅស៊ីហ្គេមលើកទី 32។
បើទោះជាថ្ងៃក្ដៅខ្លាំង មនុស្សរាប់ពាន់នាក់ដែលជាអ្នកគាំទ្ររបស់កម្ពុជា នៅតែប្រមូលផ្ដុំគ្នាលើផ្លូវតាំងពីព្រឹកព្រលឹម ថ្ងៃទី 06 ឧសភា 2023 ដើម្បីរង់ចាំទទួលសំបុត្រដោយមិនគិតថ្លៃពីសហព័ន្ធបាល់ទាត់កម្ពុជា (FFC) សម្រាប់ការចូលទស្សនាការប្រកួតបាល់ទាត់របស់ក្រុម U-22 និងក្រុមនារីរបស់កម្ពុជានាពេលខាងមុខ។
ទិដ្ឋភាពមនុស្សរាប់ពាននាក់ប្រជ្រៀតគ្នានេះ ធ្វើឱ្យមនុស្សមួយចំនួនមានការព្រួយបារម្ភចំពោះសុវត្ថិភាព សុខភាពរបស់បងប្អូនកូនចៅដែលទៅកាន់កន្លែងចែកសំបុត្រ ព្រោះថា មនុស្សមានចំនួនប្រើន ខណៈកម្ដៅថ្ងៃក៏កាន់តែក្ដៅ។
ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចក៏បានបង្ហាញវត្តមាននៅខាងមុខកន្លែងចែកសំបុត្រ និងបានរៀបចំសណ្ដាប់ធ្នាប់ដើម្បីបង្ការបញ្ហាណាមួយកើតឡើងជាយថាហេតុ។
នៅស៊ីហ្គេមលើកទី 32 គិតត្រឹមម៉ោង 12 ថ្ងៃត្រង់ ថ្ងៃទី 06 ខែឧសភា ឆ្នាំ 2023 នេះ ម្ចាស់ផ្ទះកម្ពុជាដណ្ដើមបានមេដាយមាសចំនួន 6 គ្រឿង ឈរលើកំពូលតារាងចំណាត់ថ្នាក់ ខណៈដែលមេដាយសរុប កម្ពុជារកបាន 12 គ្រឿង។