ក្រុមហ៊ុន Destinus រចនាយន្តហោះល្បឿនលឿនជាងសំឡេងដំណើរការដោយអ៊ីដ្រូសែន អាចហោះពី Frankfurt ទៅកាន់ Sydney ដោយប្រើពេលតែជាងបួនម៉ោង ឬពី Memphis ទៅកាន់ Dubai ដោយស៊ីពេលតែ 3.5 ម៉ោង។
រចនារបស់ Destinus គឺយន្តហោះអ៊ីដ្រូសែនមានល្បឿនលឿនជាងសំឡេងប្រាំដង ជួយកាត់បន្ថយពេលវេលាធ្វើដំណើរបាន ¼ ធៀបនឹងយន្តហោះពាណិជ្ជកម្មបច្ចុប្បន្ន។ នេះបើតាម CNN ចុះផ្សាយកាលពីថ្ងៃទី 04 ឧសភា។
មានទីស្នាក់ការកណ្ដាលនៅប្រទេសស្វ៊ីស និងមានបុគ្គលិក 120 នាក់នៅអេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2021 មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ យន្តហោះគំរូដំបូងចំនួនពីរកំណែរបស់ក្រុមហ៊ុននេះ បានហោះហើរសាកល្បងដោយជោគជ័យ និងជិតហោះសាកល្បងដោយប្រើប្រាស់អ៊ីដ្រូសែន។ តាមគម្រោង យន្តហោះគំរូដំបូងទីបីគឺ Destinus 3 នឹងហោះសាកល្បងនៅចុងឆ្នាំនេះ។
Destinus ជ្រើសរើសអ៊ីដ្រូសែនធ្វើជាឥន្ធនៈ ក៏ព្រោះតែវាជាថាមពលកកើតឡើងវិញ ហើយការចំណាយក្នុងការផលិតឥន្ធនៈនេះក៏កាន់តែទាប ថ្វីបើយន្តហោះអ៊ីដ្រូសែនកំពុងស្ថិតក្នុងដំណាក់កាលដំបូងៗ ខណៈម៉ាស៊ីនប្រតិកម្មអ៊ីដ្រូសែនក៏នៅមិនទាន់ត្រូវបានប្រើក្នុងវិស័យពាណិជ្ជកម្ម។
«យើងកំពុងប្រឹងប្រែងហោះពីអឺរ៉ុបទៅកាន់អូស្ត្រាលីក្នុងល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង)។ ការប្រើប្រាស់ kerosense នឹងធ្វើឱ្យយន្តហោះធ្ងន់ ខណៈដែលប្រើអ៊ីដ្រូសែន វានឹងស្រាល។ អ៊ីដ្រូសែនក៏មានដង់ស៊ីតេថាមពលខ្ពស់ជាងធៀបនឹងឥន្ធនៈប្រតិកម្មធម្មតា» Martina Lofqvist ប្រធានផ្នែកអភិវឌ្ឍពាណិជ្ជកម្មរបស់ក្រុមហ៊ុន Destinus អះអាងដូច្នេះ។
គោលដៅយូរអង្វែងរបស់ Destinus គឺការហោះហើរដោយប្រើប្រាស់អ៊ីដ្រូសែនទាំងស្រុង និងមិនបំភាយឧស្ម័នពុល។ ក៏ប៉ុន្តែ ក្នុងរយៈពេលខ្លី Destinus នឹងប្រើប្រាស់សាំងយន្តហោះធម្មតា ហើយក្រោយមកនឹងប្ដូរទៅប្រើអ៊ីដ្រូសែនសម្រាប់ល្បឿន Mach 3 (3,704 គីឡូម៉ែត្រ/ម៉ោង)។
Destinus 3 នឹងហោះក្នុងល្បឿនលឿនជាងសំឡេង ហើយអាចប្រើប្រាស់អ៊ីដ្រូសែននៅឆ្នាំ 2024។ ឆ្នាំ 2030 Destinus នឹងដាក់ឱ្យដំណើរការយន្តហោះដឹកភ្ញៀវខ្នាតតូចដែលអាចដាក់អ្នកដំណើរបាន 25 នាក់ ផ្ដោតលើអតិថិជនអ្នកមាន។ ឆ្នាំ 2040 កំណែពេញលេញនឹងត្រូវបានចែកជាច្រើនលំដាប់ ក្នុងនោះមានទាំងលំដាប់សម្រាប់អតិថិជនធម្មតាផងដែរ៕