ក្នុងពីរប្រកួតនៅពូល B ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី 04 ឧសភា នៅឯទីលានបាល់ទាត់ព្រីនស៍ បានកើតមានហេតុការណ៍កីឡាករទាត់បាល់ចូលទីខ្លួនឯងដល់ទៅបួនលើក ដែលនេះគឺជាកំណត់ត្រាមួយមិនធ្លាប់កើតឡើងនៅស៊ីហ្គេម នាំឱ្យមានការសង្ស័យថា ផ្ទៃទីលានដែលទើបតែត្រូវបានធ្វើឱ្យប្រសើរឡើងនេះគឺជាដើមហេតុ?
គេហទំព័រព័ត៌មានកីឡាមួយរបស់វៀតណាម បានសរសេរថា «បើទោះទើបតែត្រូវបានកែលំអ លើកកម្ពស់គុណភាព ប៉ុន្តែផ្ទៃស្មៅលើទីលានបាល់ទាត់ព្រីនស៍លែងនៅល្អដូចការប្រកួតបើកឆាក។ នៅក្នុងការប្រកួតជើងទីពីរ ទស្សនិកជនបានទស្សនាទិដ្ឋភាពកីឡាករយកជើងលុបក្រហូងដីលើទីលានប្រកួត។
ពិសេសនៅត្រង់ចំណុចដែលត្រូវកីឡាករជាន់ច្រើនជាងគេ ក្នុងនោះមានចំណុចខាងមុខអ្នកចាំទីជាដើម គុណភាពផ្ទៃដី និងស្មៅត្រូវធ្លាក់ចុះយ៉ាងឆាប់រហ័ស។
សារព័ត៌មានវៀតណាមមួយនេះបានសរសេរការពារកីឡាកររបស់ខ្លួនដែលបានទាត់បាល់ចូលទីខ្លួនឯងថា «ពិតជាពិបាកជឿ កីឡាករដែលស្ទាត់ជំនាញ និងធ្លាប់ប្រកួតនៅស៊ីហ្គេមពីរលើកដូចខ្សែបម្រើ Vu Tien Long បែរជាទាត់បាល់អន់ដូច្នេះនៅខាងមុខតំបន់គ្រោះថ្នាក់ ក្នុងគ្រាដែលមិនមានសម្ពាធខ្លាំង»។
គេហទំព័រកីឡានេះបានសរសេរទៀតថា «គេអាចមើលឃើញច្បាស់បំផុតគឺការ «ក្បត់ទីខ្លួនឯង» របស់ Ilhan Noor។ ខ្សែការពាររបស់ U-22 សង្ហបុរីរូបនេះទំនងជាចំពប់ជើង ធ្វើឱ្យសកម្មភាពកាត់ចង្វាក់បាល់ត្រូវបាត់បង់ម្ចាស់ការ»។
ប្រការដ៏ស្ទើរតែមិនគួរឱ្យជឿដូចខាងលើបន្តកើតឡើងនៅក្នុងការប្រកួតរវាង U-22 ឡាវ និង U-22 ម៉ាឡេស៊ី។ ថ្វីបើរកបានមួយគ្រាប់ដំបូងគេនៅនាទីទីបួន ប៉ុន្តែដល់នាទីទី 23 ក្រុមម៉ាឡេស៊ី បែរជាត្រូវចាញ់មួយគ្រាប់វិញ បន្ទាប់ពីខ្សែការពារទាត់ចូលទីខ្លួនឯង។ ប៉ុន្មាននាទីក្រោយមក ដល់វេន U-22 ឡាវ ទាត់បាល់ចូលទីខ្លួនឯងវិញម្ដង នៅពេលខ្សែបម្រើ Najmudin របស់ម៉ាឡេស៊ី ប្លោងបាល់ចូលក្បែរតំបន់គ្រោះថ្នាក់។
យោងតាមសារព័ត៌មានខាងលើ ផ្ទៃរបស់វាលស្មៅនៅទីលានបាល់ទាត់ព្រីនស៍ ត្រូវខូចខាតច្រើនក្រោយពីមានការប្រកួតជាបន្តបន្ទាប់ ហើយគេអាចមើលឃើញដោយផ្នែកទទេ។ នេះអាចជាដើមហេតុដែលធ្វើឱ្យកីឡាករទាត់បាល់មិនបានល្អ នាំឱ្យមានហេតុការណ៍ទាត់ចូលទីខ្លួនឯងច្រើនដងមិនធ្លាប់មានពីមុនមកដូច្នេះ៕