អគ្គនាយកប្រតិបត្តិរបស់ Ford លោក Jim Farley ថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុននេះមានគម្រោងផលិតរថយន្ត SUV អគ្គិសនីដែលមានកៅអីបីជួរ និងអង្គុយបាន 7 នាក់ ដែលនេះបង្ហាញថា Ford កំពុងតែពង្រឹងការប្រកួតប្រជែងជាមួយ Tesla និងបណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលើពិភពលោក។
នៅពេល Farley ឡើងកាន់អំណាចនៅ Ford ក្រុមហ៊ុននេះក៏បានបញ្ចេញរថយន្តប្រភេទ crossover Mustang ដើរដោយថាមពលអគ្គិសនី និង F-150 Lightning ដែលជារថយន្តភីកអាប់អគ្គិសនីដំបូងរបស់ Ford។
យោងតាមលោក Farley ក្រុមហ៊ុន Ford ត្រូវតែផ្ដោតទៅលើប្រភេទរថយន្តអគ្គិសនីដែលមានកៅអីច្រើនជាងពីរជួរ ព្រោះយល់ថា រថយន្តអគ្គិសនីកៅអីពីរជួរមានច្រើនណាស់ហើយនៅក្នុងទីផ្សារ។ Ford គណនាឃើញថា នឹងមានរថយន្ត SUV អគ្គិសនីដែលមានកៅអីពីរជួរចំនួន 45 ម៉ូដែលក្នុងទីផ្សារនៅឆ្នាំ 2025។
ការសម្រេចចិត្តខាងលើអាចនឹងធ្វើឱ្យ Ford ខាត យ៉ាងហោចណាស់ក៏នៅក្នុងដំណាក់កាលដំបូង។ ប៉ុន្តែ ចុងក្រោយ Ford នឹងចំណេញ។ លោក Farley និយាយថា រថយន្តអគ្គិសនីរបស់ Ford នឹងចំណេញ 8% នៅឆ្នាំ 2026។