ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសផ្តល់ប្រាក់លើកទឹកចិត្តចំនួនមួយម៉ឺនដុល្លារដល់អត្តពលិកទាំងឡាយណាដែលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បន្ថែមលើថវិកាដែលឧបត្តម្ភដោយរាជរដ្ឋាភិបាល។
ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន 49 រូប កាលពីថ្ងៃទី 04 ឧសភា នាទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឧបត្ថម្ភដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកវិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី 32 ក្នុងម្នាក់ៗ 200 ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ដែលឧបត្ថម្ភចំនួន 500 ដុល្លាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ចំពោះអត្តពលិកដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តមួយម៉ឺនដុល្លារបន្ថែមទៀត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងអរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ។
ប្រាក់រង្វាន់លើកទឹកចិត្ដរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជ័យលាភីមេដាយអត្តពលិកកម្ពុជា នៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី 32 រួមមាន អត្តពលិកដណ្ដើមបានមេដាយមាសនឹងទទួលបាន 40 លានរៀល មេដាយប្រាក់នឹងទទួលបាន 30 លានរៀល និងមេដាយសំរឹទ្ធនឹងទទួលបាន 16 លានរៀល៕