ក្រុមបាល់ទាត់មួយក្រុមត្រូវហាលអាវត្រឹមវគ្គចែកពូលនៅស៊ីហ្គេមលើកទី 32 បន្ទាប់ពីទទួលបានលទ្ធផលមិនល្អនៅក្នុងបីប្រកួតដំបូងរបស់ខ្លួន។
វិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកនេះ បានឆ្លងកាត់ជាងពាក់កណ្ដាលផ្លូវរបស់វគ្គចែកពូល។ ក៏ប៉ុន្តែ ក្នុងដំណាក់កាលនេះមិនទាន់មានក្រុមណាមួយដែលប្រាកដថាដណ្ដើមបានសំបុត្រឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅឡើយ។ នៅពូល A បណ្ដាក្រុមបាល់ទាត់បានបញ្ចប់ការប្រកួតជើងទីបី ហើយដំណាក់កាលក្ដុកក្ដួលក៏បានកើតឡើង។
នៅមុនការប្រកួត ថ្វីបើជាក្រុមដែលត្រូវបានវាយតម្លៃថាល្អជាងឆ្ងាយធៀបនឹង U-22 ទីម័រខាងកើត ប៉ុន្តែ U-22 ហ្វ៊ីលីពីន បែរជាទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរទៅវិញ។ ការប្រកួតចាញ់ U-22 ទីម័រខាងកើតក្នុងលទ្ធផល 0-3 ធ្វើឱ្យ U-22 ហ្វ៊ីលីពីនធ្លាក់ទៅក្នុងបាតតារាងនៅពូល A ខណៈដណ្ដើមបានតែ 1 ពិន្ទុគត់ពីលទ្ធផល 1-1 នៃការប្រកួតជាមួយ U-22 កម្ពុជា។
នៅពេលមានតែ 1 ពិន្ទុក្រោយការប្រកួតបីជើងបែបនេះ U-22 ហ្វ៊ីលីពីនប្រាកដជានឹងត្រូវហាលអាវត្រឹមនេះនៅស៊ីហ្គេម។ 1 ពិន្ទុរបស់ U-22 ហ្វ៊ីលីពីន ត្រូវស្ថិតនៅក្រោមក្រុមនាំមុខគេក្នុងពូល A គឺ U-22 ឥណ្ឌូណេស៊ី (5 ពិន្ទុ) និងក្រុមលំដាប់ទីពីរ U-22 កម្ពុជា (4 ពិន្ទុ)។ ប៉ុន្តែ គ្រាដែល U-22 ឥណ្ឌូណេ និង U-22 កម្ពុជា នៅសល់ពីរប្រកួតទៀត U-22 ហ្វ៊ីលីពីន នៅសល់តែមួយប្រកួតប៉ុណ្ណោះ។ ការប្រកួតចុងក្រោយរបស់ U-22 ហ្វ៊ីលីពីន នឹងត្រូវប៉ះ U-22 មីយ៉ាន់ម៉ា នៅថ្ងៃទី 10 ឧសភា។
ចំណែក U-22 កម្ពុជា និង U-22 មីយ៉ាន់ម៉ា វិញ នឹងត្រូវប៉ះគ្នាមួយប្រកួតទៀត នៅថ្ងៃទី 07 ឧសភា។ ក្នុងករណីលទ្ធផលស្មើគ្នា U-22 កម្ពុជានឹងមាន 5 ពិន្ទុ ហើយប្រាកដជាឈរលើ U-22 ហ្វ៊ីលីពីន។ រីឯ U-22 មីយ៉ាន់ម៉ា ដែលបច្ចុប្បន្នមាន 3 ពិន្ទុដែរនោះ បើសិនជាឈ្នះម្ចាស់ផ្ទះកម្ពុជា ក្រុមនេះនឹងមាន 6 ពិន្ទុ (មិនទាន់គិតទាំងការប្រកួតជាមួយ U-22 ហ្វ៊ីលីពីន)។
ដូច្នេះ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន U-22 ហ្វ៊ីលីពីន ត្រូវបានជម្រុះនៅស៊ីហ្គេមលើកទី 32 ត្រឹមនេះទៅហើយ គ្រាន់តែមិនទាន់ត្រូវបានប្រកាសជាផ្លូវការ។
ដោយឡែកនៅក្នុងពូល B វិញ U-22 ឡាវ និង U-22 សិង្ហបុរី ក៏ជួបការលំបាកច្រើន។ ក្រុមទាំងពីរនេះនៅតែមិនទាន់មាន 1 ពិន្ទុ ក្រោយពីរប្រកួតដំបូង។ ការប្រជែងដណ្ដើមសំបុត្រចំនួនពីរដើម្បីបន្តដំណើររបស់ក្រុមនៅពូល B ត្រូវបានព្យាករថានឹងកើតឡើងយ៉ាងកកើតទីលានប្រកួត រវាងបីក្រុម រួមមាន U-22 ថៃ, U-22 វៀតណាម និង U-22 ម៉ាឡេស៊ី៕