Cristiano Ronaldo នាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់ស្ដីពីកីឡាករដែលរកប្រាក់បានច្រើនជាងគេលើពិភពលោក សម្រាប់ឆ្នាំសារពើពន្ធ 2022-2023។
យោងតាមទំព័រ Forbes កំពូលតារាបាល់ទាត់ Ronaldo រកបាន 136 លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំសារពើពន្ធ 2022-2023។ ខ្សែប្រយុទ្ធរបស់ព័រទុយហ្កាល់រូបនេះ កំពុងនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់ជាលើកដំបូង រាប់ចាប់ពីឆ្នាំ 2017 និងជាលើកទីបីក្នុងអាជីពបាល់ទាត់របស់ខ្លួន។ 136 លានដុល្លារអាម៉េរិក ក៏ជាប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់កីឡាករបាល់ទាត់មួយរូប។
ខ្ទង់ប្រាក់ប្រហែល 46 លានដុល្លារនៅក្នុងប្រាក់ចំណូលសរុបរបស់ Ronaldo គឺបានមកពីក្លឹបដែលគាត់លេងឱ្យ គឺ Man Utd និង Al Nassr។ 90 លានដុល្លារទៀតគឺបានមកពីវិស័យនានាដែលនៅក្រៅវាលស្មៅ ក្នុងនោះមានទាំងការផ្សាយពាណិជ្ជកម្ម និងជំនួញ។ នៅក្នុងប្រវត្តិសាស្ត្រ មានកីឡាករតែបីនាក់ប៉ុណ្ណោះដែលមានប្រាក់ចំណូលក្រៅវាលស្មៅច្រើនជាង 90 លានដុល្លារ នោះគឺ Roger Federer, Tiger Woods និង Conor McGregor ។
Ronaldo បានបញ្ចប់កិច្ចសន្យាជាមួយ Man Utd កាលពីពាក់កណ្ដាលខែវិច្ឆិកា 2022 និងបានចុះកិច្ចសន្យាជាមួយ Al Nassr ចាប់ពីខែមករា 2023។ យោងតាមបណ្ដាញផ្សព្វផ្សាយ ក្លឹប Al Nassr ផ្ដល់ប្រាក់ចំណូលប្រហែល 200 លានដុល្លារអាម៉េរិក/ឆ្នាំ ដល់ CR7។ ដូច្នេះ ស្ថិតិរបស់ Forbes ស្ដីពីប្រាក់ចំណូលរបស់ Ronaldo ទំនងជានឹងកើនឡើងខ្ពស់ចាប់ពីឆ្នាំក្រោយ។
លំដាប់លេខពីរនៅក្នុងតារាងចំណាត់ថ្នាក់នេះ គឺបានទៅលើ Lionel Messi។ ចំណាត់ថ្នាក់របស់ Messi បានធ្លាក់ចុះមួយកាំបើធៀបនឹងឆ្នាំកន្លង ប៉ុន្តែគាត់នៅតែមានប្រាក់ចំណូល 130 លានដុល្លារអាម៉េរិក។ ប្រាក់ចំណូលនៅក្នុង និងក្រៅវាលស្មៅរបស់កំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះគឺស្មើគ្នា។
ចំណាត់ថ្នាក់លេខបីបានទៅលើ Kylian Mbappe ដោយរកបាន 120 លានដុល្លារអាម៉េរិក។ ក្នុងនោះ 100 លានដុល្លារបានពីក្លឹបបាល់ទាត់។
កំពូលកីឡាករបាល់បោះ LeBron James ឈរលំដាប់លេខបួន ដោយរកបាន 119.5 លានដុល្លារ ខណៈកំពូលអ្នកប្រដាល់ Canelo Alvarez រកបាន 110 លានដុល្លារ ត្រូវឈរលេខប្រាំ។
បន្ទាប់មកទៀតគឺ កីឡាករវាយកូនគោល Dustin Johnson (107 លាន), កីឡាករវាយកូនគោល Phil Mickelson (106 លាន), តារាបាល់បោះ Stephen Curry (100.4 លាន), កីឡាករវាយកូនបាល់ (tennis) Roger Federer (95.1 លាន) និងទីដប់គឺតារាបាល់បោះ Kevin Durant (89.1 លាន)៕