(ឥណ្ឌា) – ស្ពាន Chenab ដែលមានកម្ពស់ 359 ម៉ែត្រធៀបនឹងផ្ទៃទឹកទន្លេ Chenab ក្នុងតំបន់ Jammu និង Kashmir គ្រោងនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីចុងខែធ្នូ 2023 ឬដើមខែមករា 2024។
ស្ពានដែលមានប្រវែង 1,315 ម៉ែត្រនេះ ស្ថិតក្នុងគម្រោងនាំយកបណ្ដាញផ្លូវដែកទៅកាន់តំបន់ជ្រលងភ្នំ Kashmir។ ក្រៅពីស្ពាន Chenab គម្រោងផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មានទាំងផ្លូវរូងក្រោមដីវែងជាងគេប្រចាំប្រទេស និងស្ពានខ្សែកាបដំបូងសម្រាប់ផ្លូវដែកឥណ្ឌាផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន CNN។
សម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធដូចស្ពាន Chenab និងគម្រោង USBRL ជាដើម គឺជាវិធីដែលមានប្រសិទ្ធភាពដើម្បីបង្កើនការតភ្ជាប់ក្នុងសង្គម ភ្ជាប់តំបន់ដាច់ស្រយាលជាមួយនឹងទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និងតំបន់ដទៃទៀតនេះ នឹងពង្រឹងការអភិវឌ្ឍឧស្សាហកម្ម និងកសិកម្មក្នុងតំបន់។
មុននោះ ផ្លូវតែមួយខ្សែគត់ដែលតភ្ជាប់តំបន់ Kashmir ជាមួយនឹងតំបន់នានានៅឥណ្ឌា គឺផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែលបត់បែនខ្លាំង។ ផ្លូវនេះត្រូវបិទនៅរដូវរងា ហើយតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍។
ឥណ្ឌាបាន និងកំពុងតែវិនិយោគជាច្រើនទៅលើការស្ដារ និងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ កាលពីខែកុម្ភៈ 2023 លោក Modi បានសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវដំបូងរបស់ផ្លូវល្បឿនលឿនប្រវែង 1,386 គីឡូម៉ែត្រ តភ្ជាប់រដ្ឋធានីញូវដែលី ជាមួយនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុមុមបៃ។ ដំណើរការសាងសង់ផ្លូវរបៀងដឹកជញ្ជូននៅភាគខាងលិចប្រទេសក៏កំពុងត្រូវបានធ្វើឡើង ដែលនេះនឹងជួយកាត់បន្ថយសម្ពាធនៃបណ្ដាញផ្លូវដែកនៅឥណ្ឌា៕