Arvind Krishna អគ្គនាយកប្រតិបត្តិរបស់ IBM បានឱ្យដឹងថា បណ្ដាការងារជួយដល់ការិយាល័យដូចជាការគ្រប់គ្រងធនធានមនុស្សជាដើមនឹងត្រូវបានជំនួសដោយបញ្ញានិម្មិត (AI)។
លោក Krishna បានប្រាប់ Bloomberg ថា ក្រុមហ៊ុន IBM នឹងឈប់ជ្រើសរើសបុគ្គលិកសម្រាប់តំណែងទាំងឡាយណាដែលពួកគេយល់ថាអាចជំនួសដោយ AI នៅពេលខាងមុខ។ ក្រុមការងារដែលនឹងត្រូវឈប់ជ្រើសរើស និងធ្វើការផ្លាស់ប្ដូរដំបូងគេគឺក្រុមជំនួយការនៅការិយាល័យដែលមានដូចជាបុគ្គលិកគ្រប់គ្រងធនធានមនុស្សជាដើម។
យោងតាមលោក Krishna នៅក្នុងក្រុមហ៊ុន IBM តំណែងនានាដែលមិនធ្វើការផ្ទាល់ជាមួយអតិថិជន មានប្រហែល 26,000 នាក់។ «ក្នុងប្រាំឆ្នាំទៀត មានប្រហែល 30% ក្នុងក្រុមនេះនឹងត្រូវជំនួសដោយ AI និងប្រព័ន្ធស្វ័យប្រវត្ត ដែលស្មើនឹង 7,800 នាក់ ត្រូវបាត់បង់ការងារ» លោក Krishna បន្ធែមដូច្នេះ។
អ្នកនាំពាក្យរបស់ IBM អះអាងថា ការកាត់បន្ថយបុគ្គលិកនេះនឹងមិនប៉ះពាល់ច្រើនដល់សកម្មភាព និងគុណភាពផលិតផលរបស់ក្រុមហ៊ុន។
បច្ចុប្បន្ន IBM មានបុគ្គលិក 260,000 នាក់ និងបន្តជ្រើសរើសសម្រាប់តំណែងទាក់ទងនឹងសបវ៉ែរ និងតំណែងដែលធ្វើការជាមួយអតិថិជន។ ដើមឆ្នាំនេះ IBM បានបញ្ឈប់បុគ្គលិក 5,000 នាក់ ប៉ុន្តែបានជ្រើសរើស 7,000 នាក់នៅក្នុងត្រីមាសទីមួយឆ្នាំនេះ។
នៅពេលឧបករណ៍បញ្ញានិម្មិតកាន់តែរីកចម្រើន និងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៅក្នុងការងារដែលមិនទាមទារឱ្យមានជំនាញខ្ពស់ ក្រុមអ្នកជំនាញចាប់ផ្ដើមមានការព្រួយបារម្ភអំពីហានិភ័យទីផ្សារការងារបែបបុរាណត្រូវបានបំផ្លាញ។ មនុស្សជាច្រើនដែលធ្វើការក្នុងវិស័យមួយចំនួនមានដូចជា ការងារនិពន្ធ ការងារគូររូបជាដើម បានប្រាប់ថា ប្រាក់ចំណូលរបស់ពួកគេបានថយចុះពាក់កណ្ដាលចាប់តាំងពីបណ្ដារូបមន្ត AI ត្រូវបានណែនាំដល់សាធារណជន៕