បើសិនសម្រេចបានគោលដៅដែលបានកំណត់ ក្រុមអត្តពលិកថៃនឹងឈរលំដាប់លើគេបង្អស់នៅស៊ីហ្គេមលើកទី 32 ខណៈកម្ពុជានឹងបានមេដាយច្រើនជាងទ្វេដងធៀបនឹងមេដាយដែលដណ្ដើមបានកាលពីស៊ីហ្គេមលើកទី 31។
ប្រទេសថៃកំណត់គោលដៅដណ្ដើមមេដាយមាសឱ្យបាន 162 គ្រឿង ជិតស្មើនឹងទ្វេដងធៀបនឹង 92 គ្រឿងនៅស៊ីហ្គេមរដូវកាលមុនដែលធ្វើនៅវៀតណាម។ អត្តពលិកថៃ 847 នាក់ ចូលរួមប្រកួតក្នុង 36 លើ 37 ប្រភេទកីឡានៅស៊ីហ្គេមលើកនេះ។
ចំណែកវៀតណាមវិញ គោលដៅនៃការដណ្ដើមមេដាយមាសរបស់ពួកគេគឺចាប់ពី 89 ដល់ 120 គ្រឿង ថយចុះជាងពាក់កណ្ដាលធៀបនឹង 205 គ្រឿងកាលពីរដូវកាលមុន។ វៀតណាមចូលរួមប្រកួត 31 ក្នុងចំណោម 37 វិញ្ញាសា ដោយមានអត្តពលិក 702 នាក់។
ឥណ្ឌូណេស៊ីដែលចូលរួមស៊ីហ្គេមដោយមានអត្តពលិក 905 នាក់ ខណៈសិង្ហបុរី មាន 558 នាក់ មិនបានកំណត់គោលដៅជាក់លាក់ ប៉ុន្តែថាប្រឹងប្រែងដណ្ដើមមេដាយឱ្យបានច្រើនជាងរដូវកាលមុន ដែលពួកគេដណ្ដើមបានមេដាយមាស 69 និង 47 គ្រឿង។ ដូចគ្នានេះដែរ មីយ៉ាន់ម៉ាក៏ថានឹងខំរកមេដាយមាសឱ្យបានច្រើនជាង 9 គ្រឿង, ឡាវ (ច្រើនជាងពីរគ្រឿង), ទីម័រខាងកើត និងព្រុយណេ (ច្រើនជាងមួយគ្រឿង)។ ហ្វ៊ីលីពីនពូកែខាងវិញ្ញសាគុន កាយសម្ព័ន្ធ ឬបាល់បោះ ខណៈកីឡាហែលទឹកគឺជាជំនាញរបស់សិង្ហបុរី។
ប្រទេសម៉ាឡេស៊ីដែលមានអត្តពលិក 677 នាក់ កំណត់គោលដៅដណ្ដើមមេដាយមាសឱ្យបាន 40 គ្រឿង។
រីឯកម្ពុជាដែលជាម្ចាស់ផ្ទះវិញ ក៏កំណត់គោលដៅដណ្ដើមមេដាយឱ្យបានច្រើនជាងទ្វេដងធៀបនឹង 63 គ្រឿង (មាស 9 គ្រឿង, ប្រាក់ 13 គ្រឿង និងសំរឹទ្ធ 41 គ្រឿង) កាលពីស៊ីហ្គេមលើកមុន។ កម្ពុជាសង្ឃឹមថានឹងអាចដណ្ដើមបានមេដាយច្រើនជាងគេនៅក្នុងវិញ្ញាសាជំនាញរបស់ខ្លួនរួមមាន ចត្រង្គ គុនខ្មែរ និងគុនល្បុក្កតោជាដើម។
ស៊ីហ្គេមលើកទី 32 នេះ មានកីឡាសរុបចំនួន 37 ប្រភេទ ក្នុងនោះមាន 608 វិញ្ញាសា (ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ)។ ស៊ីហ្គេមលើកទី 31 នៅប្រទេសវៀតណាម និង 30 នៅប្រទេសហ្វ៊ីលីពីន មានវិញ្ញាសាសរុបបន្តបន្ទាប់គឺ 526 និង 531៕