Skip to content

កំណើន​ការនាំចេញ​ផលិតផល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ធ្វើឱ្យ​កម្មករ កម្មការិនី ជិត1សែន​នាក់​មាន​ស្ថិរភាព

ភ្នំពេញ – ខណៈ​ការនាំចេញ​ផលិតផល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំងប្រទេស​មាន​ការកើនឡើង​ត្រូវគេ​រំពឹងថា កម្មករ កម្មការិនី​ជិត1សែន​នាក់​កំពុងតែ​រក្សាបាន​ស្ថិរភាព​ការងារ​យ៉ាង​ល្អ។

កាលពីពេលថ្មីៗនេះ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម អញ្ជើញ​ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​មួយចំនួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន-ស្វាយរៀង និង​តាយសេង បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​នេះ គណៈប្រតិភូ​បាន​ចុះ​ពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ផលិត​កង់ Speedtech Industrial Co., Ltd រោងចក្រ​ផលិត​ស្បែកជើង Kingmaker (Cambodia) Footwear Co., Ltd និង Kaoway Sports Ltd និង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មុជទឹក Sheico (Cambodia) Co., Ltd និង​ក្រុមហ៊ុន​ចំនួន2 ទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង-បាវិត​ដែល​រួមមាន ក្រុមហ៊ុន​ផលិត​កង់ A and J (Cambodia) Co., Ltd និង​រោងចក្រ​ផលិត​តួកង់​ធ្វើ​ពី​កា​បោ​ន Tentech Composite (Cambodia) Co., Ltd ។

ជា​លទ្ធផល​ស​ន្ទ​ស្សន៍​នៃ​ការនាំចេញ​ផលិតផល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​កំណើន​ឡើង​គួរឱ្យកត់សម្គាល់​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សាបាន​ស្ថិរភាព​ការងារ​ដល់ក​ម្មករ កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។

បច្ចុប្បន្ន​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុងដំណើរការ​ដោយមាន​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ​ចំនួន12តំបន់ មាន​ក្រុមហ៊ុន​កំពុងដំណើរការ​វិនិយោគ​ផលិតកម្ម និង​នាំចេញ​ចំនួន157 ក្រុមហ៊ុន ប្រើប្រាស់​បុគ្គលិក-កម្មករ​សរុប ប្រមាណ 88,177នាក់។ ក្នុងនោះ​ក្រុមហ៊ុន​បុគ្គលិក-កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​ធេ​ន-ស្វាយរៀង សរុប​ចំនួន 25,852នាក់ និង​តាយសេង-បាវិត ចំនួន9,413នាក់។

សម្រាប់​ឆ្នាំ2016 ទឹកប្រាក់​សរុប​ដែល​បាន​ពី​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ​មានតម្លៃ​ប្រមាណ 1,354លាន​ដុល្លារ​អាមេរិក កើនឡើង​ពី 1,116 លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2015 ស្មើនឹង​កំណើន​ចំនួន 238 លាន​ដុល្លារ​អាមេរិក ឬ 21,29%។

ក្នុង​រយៈពេល9ខែ​ដំបូង​នៃ​ឆ្នាំ2017 ក៏​ឃើញ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ បើ​ប្រៀបធៀប​នឹង9ខែ​ដំបូង​នៃ​ឆ្នាំ2016 ដោយ​ក្នុង​ឆ្នាំ2017 ទឹកប្រាក់​នាំចេញ​មានតម្លៃ​ប្រមាណ 1,073 លាន​ដុល្លារ​អាមេរិក កើនឡើង​ចំនួន106 លាន​ដុល្លារ​អាមេរិក​ស្មើនឹង 10.89% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ 967 លាន​ដុល្លារ​អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *